Toyota C-HR បង្ហាញវត្តមានឡើងវិញនៅសហរដ្ឋអាមេរិក ប្រើអគ្គិសនីសុទ្ធ EV ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[បរទេស] បន្ទាប់ពី ៣ ឆ្នាំ ដែលខកខានបង្ហាញខ្លួននៅទីផ្សារសហរដ្ឋអាមេរិក ពេលនេះ Toyota បាននាំយកម៉ូដែល C-HR ស៊េរីថ្មីចុងក្រោយ ប្រើថាមពលអគ្គីសនីសុទ្ធ មកកាន់ទីផ្សារនេះឡើងវិញ ជាមួយតម្លៃលក់រំពឹងចាប់ពី ៣៥ ០០០ ដុល្លារ ខណៈការចេញលក់ត្រូវរងចាំដល់ឆ្នាំ ២០២៦ ។

Toyota C-HR ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA 2.0 platform ដូចគ្នាទៅនឹងម៉ូដែល Toyota bZ ដែលបានប្តូរឈ្មោះពី bZ4X ហើយផ្តល់នៅជម្រើសថាមពលចំនួន ១ ប៉ុណ្ណោះ ពោលគឺដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៣៨ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង ជិះបាន ៤៦៧គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿនរបស់ Tesla Supercharger អាចសាកបានពី ១០-៨០% ប្រើរយៈពេលខ្ទង់ ៣០នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តប្រភេទ Crossover នេះ ស្រដៀងគ្នាទៅម៉ូដែល Toyota bZ ឆ្នាំ ២០២៦ ដោយផ្នែកខាងមុខប៉ាណាបិទជិត ជាមួយរន្ធខ្យល់ខាងក្រោមទំហំធំ ជំនួយទៅដល់ប្រព័ន្ធលំហូរខ្យល់ aerodynamic ក៏ដូចជាចង្កៀងបំភ្លឺផ្លូវ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ព្រមទាំងមានជម្រើសថាកសង់ស្ព័រទំហំ ១៨ ដល់ ២០ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់​ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏មានការតុបតែងស្រដៀងទៅនឹងម៉ូដែល Toyota bZ ផងដែរ ដោយទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ ។ លើសពីនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Toyota Safety Sense 3.0 ជំនាន់ចុងក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម