Toyota C-HR ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ hybrid បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota C-HR ស៊េរីឆ្នាំ ២០២៤ ប្រភេទ C-segment SUV ឬ Crossover ប្រើប្រាស់ទាំងម៉ាស៊ីនកូន និងម៉ូដែលពិសេស គឺ GR sport premiere Edition នៅក្នុងទីផ្សារតំបន់អឺរ៉ុប ។

Toyota C-HR ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ នេះស្ថិតនៅជំនាន់ទី ២ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៣៦០ ម.ម ទទឹង ១ ៨៣០ ម.ម កំពស់ ១ ៥៥៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៤០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ រចនាជាប្រភេទ 2-tone នឹងមានការចែករំលែកការឌីស្សាញចេញពីរថយន្ត Toyota bZ4x និង Toyota Prius ដែលមានប៉ាណារាងជាសំណាញ់ ជាប់សងខាងចង្កៀងមុខប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ដៃទ្វាបង្គប់ផ្នែកខាងក្រោយមាន កាង spoiler ជាប់ដំបូងលយចេញមកក្រៅ និងចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានយកការឌីស្សាញចេញពី Toyota bZ4x ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កុងទ័របង្ហាញលើកញ្ចក់ ភ្លើងលម្អ ៦៤ ពណ៌ ឧបករណ៍បំពងសំឡេងម៉ាក JBL និងដំបូលកញ្ចក់ panoramic sunroof ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ Toyota ក៏បានផ្តល់ឲ្យរថយន្តនេះ នៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមបញ្ចូលមុខងារដ៏សំបូរបែបទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវីញ Toyota C-HR ជំនាន់ថ្មី ទទួលបានម៉ាស៊ីនកូនកាត់ hybrid ចំនួន ៣ គឺ៖

  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៤០ សេះ និងកម្លាំងរមួល ១៤២ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ១
  • ម៉ាស៊ីនកូនកាត់ hybrid  ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ  ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ១៩៧ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ១ និងជម្រើសប៉ុង ២
  • ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ប្រភេទ Dynamic Force មានកម្លាំង ២២៣ សេះ ប្រភេទបើកបរប៉ុង ២ អាចបើកបរបានចម្ងាយ ៨៧ គីឡូម៉ែត្រក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម