
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota CH-R ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូនទាំងជម្រើស HEV និង PHEV នៅទីផ្សារតំបន់អឺរ៉ុប ខណៈតម្លៃ មិនទាន់ប្រកាសចេញទេ ។
Toyota CH-R ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយ៖
- ម៉ាស៊ីនចំណុះ ១,៨ លីត្រ អាចផលិតកម្លាំងបាន ១៤០ សេះ និងកម្លាំងរមួល ១៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ សម្រាប់ម៉ូដែល HEV
- ម៉ាស៊ីនចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៩៣ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ សម្រាប់ម៉ូដែល Dynamic Force Hybrid
- ម៉ាស៊ីនចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២២៣ សេះ និងអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៦គីឡូំម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ សម្រាប់ម៉ូដែល PHEV ។ សម្រាប់ម៉ូដែលទាំង ៣ នេះ មានកម្រិតស៊ីប្រេងចន្លោះ ៤-៥ លីត្រ/១០០ គីឡូម៉ែត្រ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្ត Hatchback មួយនេះ មានលក្ខណៈបែបស្ព័រ ដោយបំពាក់ប៉ាណាមុខទំហំធំរាងជាសំណាញ់ ជាប់សងខាងចង្កៀងមុខ LED ស្រដៀងទៅនឹងម៉ូដែល Prius ជំនាន់ថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងចង្កៀងក្រោយ LED លេងជាមួយការឌីស្សាញមួយឆ្នូត ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen អាចប្រើមុខងារ apple CarPlay/Android Auto រួមទាំងភ្លើងលម្អ Ambient Light ៦៤ពណ៌ ដំបូលកញ្ចក់ Panoramic roof និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃរបស់ Toyota ផងដែរ ៕