Toyota Camry ឆ្នាំ២០២២ ចេញផ្លូវការលើទីផ្សារប្រទេសថៃ ដោយបោះបង់ចោលជម្រើសម៉ាស៊ីន ២.០លីត្រ

កាលពីថ្ងៃទី ៣​ កន្លងទៅនេះ រថយន្ត Toyota Camry ជំនាន់ទី៨ បានធ្វើការសម្ភោធចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសថៃ ជាមួយការផ្តល់ជូននូវជម្រើសម៉ាស៊ីន ២ប្រភេទ ដោយបានបោះបង់ចោលនូវជម្រើសម៉ាស៊ីន ២.០លីត្រ។

ជាមួយការបោះបង់ចោលនូវជម្រើសម៉ាស៊ីន ២.០លីត្រនេះ រថយន្ត Toyota Camry ឆ្នាំ២០២២ នឹងផ្តល់នូវជម្រើសម៉ាស៊ីន ២.៥លីត្រ ផលិតកម្លាំងបាន ២០៦សេះ និងកម្លាំងរមួល ២៥០ញ៉ុតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ និងជម្រើសម៉ាស៊ីនហាយប្រ៊ីដ ចំណុះ ២.៥លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ២០៨សេះ និងកម្លាំងរមួល ២២១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ E-CVT និងមានកម្រិតស៊ីសាំងប្រហែល ៤,២លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូឌែលឆ្នាំ ២០២២ នេះបានបំពាក់ស្តង់ដាជាមួយប្រព័ន្ធជំនួយការបើកបរ​ Toyota Safety Sense 2.5+ ដោយបានទទួលបាននូវមុខងារជំនួយការបើកបរបន្ថែមដូចជា Nighttime pedestrian and daytime cyclist detection សម្រាប់ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាប់ដោយស្វ័យប្រវត្ត, Pedal misapplication control និងប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ពេលចេញពីចំណតផ្នែកខាងក្រោយរថយន្ត (Rear Cross traffic Alert)។

សម្រាប់ទីផ្សារប្រទេសថៃ រថយន្ត Toyota Camry ឆ្នាំ២០២២ ផ្តល់នូវជម្រើសម៉ូឌែលប្រភេទ Sport មានតម្លៃចាប់ពី ៤៤ ៣៨៧ដុល្លារ, Premium មានតម្លៃចាប់ពី ៤៨ ១២០ដុល្លារ, 2.5 HEV Premium មានតម្លៃចាប់ពី ៤៩ ៩២៤ដុល្លារ និង 2.5 HEV Premium Luxury មានតម្លៃចាប់ពី ៥៤ ៤៣៨ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម