Toyota Camry ឆ្នាំ២០២៣ ចេញម៉ូដែលពិសេស Nightshade Edition ប្រើយ៉ាន់ពណ៌ទង់ដែង កាន់តែឡូយ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Sedan ខ្នាតកណ្តាលលក់ដាច់បំផុតរបស់អាមេរិក គឺ Camry ឆ្នាំ២០២៣ ម៉ូដែលពិសេស Nightshade Edition។

រថយន្ត Toyota Camry Nightshade Edition ឆ្នាំ២០២៣ ថ្មីនេះ នឹងមានទាំង Option SE ប៉ុងមួយ, ប៉ុងពីរ និង ម៉ាស៊ីន Hybrid ជាមួយនឹងយ៉ាន់កង់ Alloy ទំហំ ១៩អ៊ីញ ពណ៌ទង់ដែងគ្រើម យ៉ាងទាក់ទាញ។ មិនតែប៉ុណ្ណោះ វាក៏បានតុបតែងស៊ុមចង្កៀងមុខ និងក្រោយពណ៌ខ្មៅ ដែលជួយឲ្យវាមើលទៅរឹតតែកាច ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីការអាប់ដេតខាងលើ ម៉ូដែល Nightshade Edition នេះ មានបំពាក់កាងមុខកាត់តាមពពួក TRD, ប្រព័ន្ធជើងក្រោម sport-tuned suspension និង តែមពណ៌ខ្មៅ ព្រមទាំងគម្របកញ្ចក់មើលចំហៀងពណ៌ខ្មៅ និង កាងកន្ទុយត្រីខាងក្រោយពណ៌ខ្មៅ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Sedan ខ្នាតកណ្តាលនេះ នៅតែប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៦សេះ និងកម្លាំងរមួល ២៥២ញ៉ូតុនម៉ែត្រ ខណៈម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣០១សេះ និងកម្លាំងរមួល ៣៦២ញ៉ូតុនម៉ែត្រ។

ដោយឡែក ចំពោះជម្រើសម៉ាស៊ីន Hybrid វិញ គឺគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង, ម៉ូទ័រអគ្គិសនី២ និង កញ្ចប់អាគុយតូចមួយ មានកម្លាំងសរុប ២០៨សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ ៤,៥លីត្រប៉ុណ្ណោះក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម