Toyota បានបង្ហាញចេញរថយន្ត Camry Hybrid ស៊េរីឆ្នាំ ២០២១ សម្រាប់លក់លើទីផ្សារអឺរ៉ុប ដោយហាក់មានការផ្លាស់ប្ដូររូបរាងថ្មីខុសប្លែកពីប្រភេទលក់នៅទីផ្សារដទៃ ហើយផ្នែកខាងក្នុងក៏មានប្រែប្រួលខ្លះដែរ។
រថយន្ត Camry Hybrid សម្រាប់អឺរ៉ុបឃើញមានផ្លាស់ប្ដូរឌីហ្សាញខាងមុខដោយបំពាក់កាងថ្មី និងរន្ធខ្យល់ខាងលើ/ខាងក្រោមក៏មានផ្លាស់ប្ដូររចនាបថផងដែរ។ បន្ថែមពីនេះ Toyota ក៏បានបន្ថែមយ៉ាន់កង់ Alloy ទំហំ ១៧អ៊ីញ និង ១៨អ៊ីញ ដែលមានការឌីហ្សាញថ្មី រួមជាមួយជម្រើសពណ៌ថ្មីឈ្មោះ Deep Metal Grey។
នៅផ្នែកខាងក្នុងរថយន្តមានបំពាក់នូវអេក្រង់ Touch ទំហំ៩អ៊ីញថ្មី ដែលមានទីតាំងនៅកម្ពស់ខ្ពស់ជាងមុន។ ការផ្លាស់ប្ដូរថ្មីនេះក៏មានបន្ថែមគ្រាប់ចុចដែលកាន់តែងាយស្រួលបញ្ជាជាងមុន ជាមួយនឹង Software ដែលដំណើរការលឿនជាងមុន ហើយមានមកស្រាប់នូវមុខងារ Apple CarPlay និង Android Auto។
ដោយឡែកចំពោះផ្នែកម៉ាស៊ីនវិញ Toyota មិនបានធ្វើការផ្លាស់ប្ដូរនោះទេ ដោយវានៅតែប្រើប្រាស់ប្រព័ន្ធ Hybrid អាចសាកបញ្ចូលកម្លាំងអគ្គិសនីដល់អាគុយបានដោយខ្លួនឯង ដែលមានម៉ូទ័រអគ្គិសនីមួយ ជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២១៥សេះ៕