[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមរបាយការណ៍ថ្មីមួយពីទស្សនាវដ្តី Best Car magazine របស់ប្រទេសជប៉ុនបានឲ្យដឹងថាក្រុមហ៊ុន Toyota កំពុងរៀបចំដាក់បង្ហាញចេញនៅរថយន្ត Toyota Century ប្រភេទ SUV ដែលមានមូលដ្ឋានលើរថយន្ត Toyota Highlander ជាមួយប្រវែងវែង ហើយមានកៅអី ២ ជួរជាមួយនឹងទំហំធំទូលាយសម្រាប់អ្នកដំណើរខាងក្រោយ។
សម្រាប់រថយន្ត Toyota Century ត្រូវបានគេជឿថានឹងមានប្រវែងតួខ្លួនសរុបដល់ទៅ ៥,២ ម៉ែត្រ ដែលវែងជាងរថយន្ត Toyota Land Cruiser និងទទឹង ១,៩ ម៉ែត្រ កំពស់ ១,៧ ម៉ែត្រ និង ប្រវែងគន្លាតកង់មុខ-ក្រោយប្រវែង ៣ ម៉ែត្រ ដែលធ្វើឲ្យផ្ទៃខាងក្នុងធំទូលាយខ្លាំង ជាមួយនឹងទម្ងន់ប្រហែល ២ ២០០ គីឡូក្រាម ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះអាចបំពាក់ម៉ាស៊ីនមកពីរថយន្ត Lexus LC 500h និង LS 500h ដែលប្រើម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 ។ Toyota ក៏មានបំណងដាក់បង្ហាញ Toyota Century SUV ជាមួយនឹងកម្លាំងម៉ាស៊ីនកូនកាត់ Hybrid ដោយបំពាក់ម៉ូទ័រអគ្គិសនីនៅខាងក្រោយ។ ជាក់ស្តែង មិនមានគម្រោងដាក់ម៉ាស៊ីនចំណុះ ៥,០ លីត្រ V8 របស់រថយន្តប្រភេទ Sedan ទៅលើរថយន្តថ្មីនេះទេ។
ទាក់ទងនឹងតម្លៃវិញ រថយន្តនេះត្រូវបានគេរំពឹងថាមានតម្លៃលក់ចាប់ពី ៧៥ ៨០០ ដុល្លារ ដល់ ១១៤ ០០០ ដុល្លារ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota ត្រូវបានគេនិយាយថា មានបំណងចង់ដាក់លក់រថយន្ត Toyota Century SUV នៅក្នុងប្រទេសជប៉ុននៅពាក់កណ្តាលឆ្នាំ ២០២៣ ដោយមិនមានព័ត៌មានលម្អិតអំពីការនាំចេញរថយន្តនេះទៅកាន់ទីផ្សារផ្សេងទៀតនោះទេ។
គួរបញ្ជាក់ផងដែរថា Toyota Century ដែលទាក់ទាញខ្លាំងបំផុតជារថយន្តប្រភេទ Sedan ជាម៉ូដែលតែមួយគត់របស់ប្រទេសជប៉ុនមានតាំងពីឆ្នាំ ១៩៦៧ ហើយបានឈានចូលជំនាន់បច្ចុប្បន្នរបស់ខ្លួនក្នុងឆ្នាំ ២០១៨ ដើម្បីធ្វើតាមរថយន្តជំនាន់ទី ២ ជាមួយម៉ាស៊ិន V12 ដ៏ខ្លាំងរបស់ខ្លួនដែលតម្លៃរហូតដល់ ១៥២ ០០០ ដុល្លារ៕