Toyota Century GRMN ត្រូវគេយកផលិតជាកូនឡាន មានកំណត់ត្រឹម ៧០០គ្រឿង

ចំនួន​ពិត​ប្រាកដ​​នៃ​រថយន្ត Toyota Century GRMN នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​គេ​ដឹង​ថា​វា​ជា​រថយន្ត​ដ៏​កម្រ​មួយ។ កន្លង​មក​គេ​ឃើញ​រថយន្ត​នេះ​បង្ហាញ​នៅ​ទី​សាធារណៈ​ត្រឹម ២ គ្រឿង​ប៉ុណ្ណោះ ដោយ​មួយ​គឺ​ប្រើ​ប្រាស់​ដោយ​លោក Akio Toyoda ប្រធាន​ក្រុមហ៊ុន Toyota និង​មួយ​គ្រឿង​ទៀត​បង្ហាញ​នៅ​ក្នុង​កម្មវិធី Osaka Automesse ឆ្នាំ ២០១៩។

ប៉ុន្តែ​ពេល​នេះ អ្នក​អាច​មាន​ឱកាស​ធ្វើ​ជា​ម្ចាស់​រថយន្ត​នេះ ដោយ​សារ​ក្រុមហ៊ុន​ជប៉ុន Kyosho នឹង​ផលិត​រថយន្ត​ Century GRMN ពណ៌​ស​ចំនួន ៧០០ គ្រឿង ក្នុង​ទំហំ​មាត្រដ្ឋាន​ ១/១៨។ តម្លៃ​របស់​កូន​រថយន្ត​នេះ​គឺ​មួយ​គ្រឿង ១៩ ៨០០ យេន ឬ​ស្មើ​ប្រមាណ ១៨២,៤ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាម​រយៈ​រូបភាព​គេ​មើល​ឃើញ​ថា​រថយន្ត​ខ្នាត​តូច​នេះ គឺ​ដូច​គ្នា​បេះ​ដាក់​នឹង​រថយន្ត​ខ្នាត​ធំ។ ចំណែក​ផ្នែក​ខាង​ក្នុង​ក៏​ធ្វើ​បាន​ផ្ចិតផ្ចង់​​សម្បើម​ណាស់​ដែរ។

និយាយ​អំពី​រថយន្ត​ Century GRMN ខ្នាត​ធំ​ឯណោះ​វិញ មាន​ការ​រាយការណ៍​ថា​វា​បំពាក់​ម៉ាស៊ីន ៥,០ លីត្រ ៨ ស៊ីឡាំង ​ដូច​នឹង​ប្រភេទ​ធម្មតា​ដែរ។ Toyota Century ប្រភេទ​ធម្មតា​នា​ពេល​នេះ​មាន​លក់​តែ​នៅ​ជប៉ុន ដោយ​មាន​តម្លៃ​ប្រមាណ ១៨ ម៉ឺន​ដុល្លារ ហើយ​ក្រុមហ៊ុន​ផលិត​វា​ ៥០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម