Toyota Crown Signia ស៊េរីឆ្នាំ ២០២៥ ប្រភេទ Hybrid ចេញតម្លៃលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Toyota Crown Signia ស៊េរីឆ្នាំ ២០២៥ ប្រភេទ mid-size SUV នៅទីផ្សារសហរដ្ឋអាមេរិកដែលមានតម្លៃលក់ចាប់ពី ៤៣ ៥៩០ ដុល្លារ ដល់ ៤៧ ៩៩០ ដុល្លារ ។

Toyota Crown Signia ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២៤0 សេះ ភ្ជាប់ដោយប្រអប់លេខអូតូ eCVT ប្រភេទបើកប៉ុង ២ ជាមួយរបៀបបើកបរ Normal, Eco និង Sport និងមានកម្រិតស៊ីប្រេង ៦,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូដែលនេះ ត្រូវបានផ្តល់ជូន ២ ម៉ូដែលជាមួយការខុសគ្នាទៅលើកថាស់កង់ទំហំ ១៩អ៉ីញសម្រាប់ XLE និងទំហំ ២១ អ៉ីញសម្រាប់ម៉ូដែល Limited មានចង្កៀងមុខប្រភេទ LED projector អាចទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកៅអីស្បែកមុខងារខ្យល់-កំដៅជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំលេងចំនួន ៦ទីតាំង ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 នៅលើគ្រប់ម៉ូដែលទាំងអស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម