ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត GR 86 ស៊េរីឆ្នាំ២០២២ កាលពីពេលថ្មីៗកន្លងទៅ ហើយឥឡូវនេះបានប្រកាសចេញនូវតម្លៃលក់ផ្លូវការហើយ គឺចាប់ពី ២៧ ៧០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។
រថយន្ត Toyota GR 86 ឆ្នាំ២០២២ នឹងចែកចេញជា ២ ម៉ូដែល គឺ GR 86 ធម្មតា ប្រើលេខដៃ តម្លៃ ២៧ ៧០០ដុល្លារ និង លេខអូតូ តម្លៃ ២៩ ២០០ដុល្លារ ហើយ GR 86 Premium ប្រើលេខដៃ តម្លៃ ៣០ ៣០០ដុល្លារ និង លេខអូតូ តម្លៃ ៣១ ៨០០ដុល្លារ។
រថយន្ត Toyota GR 86 ឆ្នាំ២០២២ នេះ បំពាក់ម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boxer Engine មានកម្លាំង ២២៨សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,១វិនាទី សម្រាប់ប្រភេទលេខដៃ ៦វគ្គ និង ៦,៦វិនាទី សម្រាប់លេខអូតូ ៦វគ្គ។
រថយន្តស្ព័រខ្លួនតូចរបស់ជប៉ុននេះនឹងផ្តល់ជម្រើសសរុប ៧ពណ៌ ដោយក្នុងនោះរួមមានទាំង ពណ៌ក្រហម Track Red, ពណ៌ស Halo White, ពណ៌ខៀវ Neptune Blue និង ពណ៌ប្រផេះ Steel Grey ផងដែរ។
ក្រឡេកទៅមើលកាប៊ីនខាងក្នុងរបស់វាវិញ រថយន្ត GR 86 បានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto មកស្តង់ដារតែម្តង។
សូមបញ្ជាក់ថា រថយន្តនេះនឹងចេញលក់នៅក្នុងខែធ្នូ ឆ្នាំ២០២១ នេះតែម្តង៕