[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota GR Yaris ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានកាអាប់ឌេតបន្ថែម ជាមួយមុខមាត់ថ្មី នៅឯពិព័រណ៍រថយន្ត Tokyo Auto Salon 2024 ដែលកំពុងធ្វើឡើងនៅប្រទេសជប៉ុន ។
Toyota GR Yaris ស៊េរីថ្មីនេះ ទទួលបានជម្រើសប្រអប់លេខអូតូ ៨វគ្គថ្មី ព្រមទាំងបានធ្វើការឲ្យប្រសើរឡើងទៅលើម៉ាស៊ីនចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង ដោយបអាចផលិតកម្លាំងបានដល់ ៣០០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ខណៈម៉ាស៊ីនចាស់ផលិតកម្លាំងបានតែ ២៦៨ សេះ និងកម្លាំងរមួល ៣៧០ ញ៉ូតុនម៉ែត្រ និងភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ។
មិនត្រឹមតែប៉ុណ្ណោះ រថយន្ត Toyota GR Yaris ទទួលបានការកែទម្រង់ខាងក្នុង និងខាងក្រៅថ្មី ដោយទទួលបានកាងខាងមុខមានរចនាថ្មី ជាមួយសំណាញ់រន្ធខ្យល់ជំនួយទៅការបញ្ចុះកំដៅម៉ាស៊ីនបានប្រសើរជាងមុន និងចង្កៀងក្រោយ LED រចនាថ្មីអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ខណៈផ្នែកខាងក្នុងត្រូវបានរចនាឡើងវិញទាំងស្រុង ដោយមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៉ីញដូចទៅនឹងរថយន្ត GR Corolla ព្រមទាំងកៅអីអ្នកបើកបរទាបជាងមុន ២៥ ម.ម៕