Toyota Highlander ស៊េរីឆ្នាំ២០២៣ តម្លៃថ្លៃលើសមុនជាង ៥០០ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានបង្ហាញចេញរថយន្ត Highlander ស៊េរីឆ្នាំ២០២៣ កាលពីដើមឆ្នាំ ហើយពេលនេះ​ក្រុមហ៊ុនបានប្រកាសពីតម្លៃលក់​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក ដែលនឹងមានចាប់ពី ៣៦ ៤២០ដុល្លារ ឡើងទៅ។

គ្រោងដាក់លក់ចាប់ពីចុងខែតុលានេះ រថយន្ត Highlander ស៊េរីឆ្នាំ២០២៣ មានតម្លៃថ្លៃលើសស៊េរីឆ្នាំ​២០២២ ចំនួន ៥៦៥​ដុល្លារ ហើយ​វា​មាន​ចំណុចលេចធ្លោត្រង់ការ​ប្រើ​ម៉ាស៊ីនថ្មីប្រភេទ Turbocharged ចំណុះ២,៤លីត្រ ៤ស៊ីឡាំង អាច​ផលិត​កម្លាំងបាន ២៦៥​សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីម៉ាស៊ីនថ្មីនេះ អតិថិជនក៏មានជម្រើសជ្រើសយក​ Highlander Hybrid ដែល​មាន​តម្លៃ​ចាប់​ពី ៤០ ២២០​ដុល្លារ ដោយ​បំពាក់​ម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ម៉ូទ័រអគ្គិសនីចំនួនមួយនៅខាងក្រោយ និងមាន​អាគុយ​ចំណុះតូចមួយ។ ម៉ាស៊ីននេះ​អាច​ផលិត​កម្លាំង​បាន​សរុប ២៤៣សេះ ដោយប្រើប្រព័ន្ធបើកបរប៉ុងពីរ។

ផ្នែកខាងក្រៅរបស់ស៊េរីថ្មីហាក់មិនមានផ្លាស់ប្ដូរទេ ប៉ុន្តែនៅផ្នែកខាងក្នុងមានប្រើប្រាស់ប្រព័ន្ធថ្មីឈ្មោះ Toyota Audio Multimedia ដែល​មាន​អេក្រង់ទំហំ ៨អ៉ីញ និងអេក្រង់ទំហំ ១២,៣អ៉ីញ ដូចដែលមាន​ប្រើ​លើ​រថយន្ត Tundra ស៊េរី​ឆ្នាំ​២០២២ ហើយថែមទាំងមានជម្រើស​កុងទ័រឌីជីថលថ្មីទំហំ ១២,៣អ៉ីញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម