[ទីផ្សាររថយន្តបរទេស] រថយន្ត Toyota Hilux ម៉ូដែលឆ្នាំ ១៩៩៣ នេះ ដែលបើកបរបានត្រឹមតែ ១៥១ គីឡូម៉ែត្រ នឹងត្រូវដាក់លក់ដេញថ្លៃនៅសហរដ្ឋអាមេរិក សម្រាប់ម្ចាស់ដែលសក្តានុពល ក្នុងនោះគេរំពឹងថាតម្លៃដេញថ្លៃមិនតិចជាង ៥៩,៦៣៨ ដុល្លារឡើយ ។
ទោះបីជា Toyota Hilux នេះ ត្រូវបានគេស្គាល់ថា Toyota Deluxe Pickup នៅសហរដ្ឋអាមេរិក មានអាយុ ២៨ឆ្នាំក៏ដោយ ប៉ុន្តែម្ចាស់ដើមប្រើប្រាស់ត្រឹមតែ ១៥១ គីឡូម៉ែត្រ ឬអាចនិយាយបានថាវាស្ទើរតែមិនដែលយកមកប្រើប្រាស់ទាល់តែសោះ ធ្វើឱ្យផ្នែកខាងក្រៅ និងខាងក្នុងរបស់រថយន្តនេះមើលទៅដូចជាថ្មីដូចជាវាទើបចេញពីការបកកេះអញ្ចឹង។
ថ្មីៗនេះ ក្រុមហ៊ុនដេញថ្លៃ Mecum Auctions នឹងដាក់រថយន្តនេះសម្រាប់ការដេញថ្លៃនៅចន្លោះថ្ងៃទី ៦ ដល់ ១៦ ខែមករា ឆ្នាំ ២០២២ នៅរដ្ឋ Florida សហរដ្ឋអាមេរិក ។
Toyota Hilux ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២.៤ លីត្រ ទំហំ ៤ស៊ីឡាំង ភ្ជាប់ជាមួយប្រអប់លេខ ៥ វគ្គ និងប្រព័ន្ធ all-wheel drive ។ ផ្ទៃខាងក្រៅពណ៌បៃតងបែបព្រៃនៅតែរក្សាសភាពដដែលដូចទើបតែចេញពីរោងចក្រ ខណៈដែរផ្នែកខាងក្នុងនៅតែប្រើជាមួយស្បែកពណ៌ប្រផេះ, វិទ្យុ AM/FM , ប្រអប់រវៃដៃបើកកញ្ចក់ , ដៃចង្កូតអាចលៃតម្រូវតាមកម្ពស់បាន រួមទាំងសៀវភៅណែនាំ និងខិត្តប័ណ្ណដើមផងដែរ។
លើសពីនេះ ក្រុមហ៊ុនដេញថ្លៃបាននិយាយថា រថយន្តនេះបានផ្លាស់ប្តូរសំបកកង់ទាំងអស់របស់ Goodyear ទាំងបួន ហើយថ្មីៗនេះបានទទួលការថែទាំយ៉ាងទូលំទូលាយ ដើម្បីត្រៀមប្រើប្រាស់ភ្លាមៗ ។
ទោះជាយ៉ាងណាក៏ដោយ អ្នកដេញថ្លៃនឹងគិត២ដងមុននឹងទទួលយកវា ព្រោះថា Mecum Auctions បានប៉ាន់ប្រមាណថា ការដេញថ្លៃបឋមសម្រាប់រថយន្តនេះគឺ ៦០,០០០ ទៅ ៨០,០០០ ដុល្លារ បើប្រៀបធៀបទៅនឹង Ford F-150 បច្ចុប្បន្នចាប់ផ្តើមត្រឹមតែ ២៩,២៩០ ដុល្លារប៉ុណ្ណោះ ៕