Toyota Innova ជំនាន់ថ្មី ទទួលបានការកក់ទុកមុនចំនួន ៤ ០០០ គ្រឿងហើយ

[បរទេស] កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត​ Toyota Innova ជំនាន់ថ្មី ខណៈពេលេនះ រថយន្តប្រភេទ MPV នេះទទួលបានការកក់ទុកមុនបានចំនួន ៤០០០ គ្រឿងក្នុងរយៈពេល ១៦ ថ្ងៃ ដែល ៧៥%​ ជាប្រភេទកូនកាត់ Hybrid ។

រថយន្តនេះបានបង្ហាញខ្លួនជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ីជាមួយតម្លៃលក់ចាប់ពី ២៦ ៦៥៤ ដុល្លារ ដល់ ៣៨ ៨៦៨ ដុល្លារ។ ប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី TNGA platform មានការចនានៅផ្នែកខាងមុខ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ រាងជាសំណាញ់ អមដោយចង្កៀងប្រភេទ LED ផ្នែកចំហៀងមានថាសកង់ទំហំ ១៨ អ៊ីញ ប្រភេទ alloy wheels និងផ្នែកខាងក្រោយបានបំពាក់ជាមួយចង្កៀងប្រភេទ LED ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ សម្រាប់​រថយន្ត Toyota Innova បានបំពាក់ជាមួយ​ដំបូល​កញ្ជក់ panoramic sunroof ទំហំធំ, កៅអីទំហំធំដែលអាចលៃតម្រូវបានដោយថាមពលអគ្គិសនីជាមួយនឹងកន្លែងដាក់ជើង, ភ្លើង LED mood lighting, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto hold។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានម៉ាស៊ីន ២ ប្រភេទរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥២ ​សេះ និងកម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយរបៀបបើកបរចំនួន ៣ រៀប Eco, Normal និង Power Drive system ។
  • ម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ​ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ១៨៦ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ​ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយរ​បៀបបើកបរចំនួន ៤ រួមមាន EV, Eco, Normal និង Power Drive system ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម