[បរទេស] កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Innova ជំនាន់ថ្មី ខណៈពេលេនះ រថយន្តប្រភេទ MPV នេះទទួលបានការកក់ទុកមុនបានចំនួន ៤០០០ គ្រឿងក្នុងរយៈពេល ១៦ ថ្ងៃ ដែល ៧៥% ជាប្រភេទកូនកាត់ Hybrid ។
រថយន្តនេះបានបង្ហាញខ្លួនជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ីជាមួយតម្លៃលក់ចាប់ពី ២៦ ៦៥៤ ដុល្លារ ដល់ ៣៨ ៨៦៨ ដុល្លារ។ ប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី TNGA platform មានការចនានៅផ្នែកខាងមុខ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ រាងជាសំណាញ់ អមដោយចង្កៀងប្រភេទ LED ផ្នែកចំហៀងមានថាសកង់ទំហំ ១៨ អ៊ីញ ប្រភេទ alloy wheels និងផ្នែកខាងក្រោយបានបំពាក់ជាមួយចង្កៀងប្រភេទ LED ផងដែរ។
រីឯនៅផ្នែកខាងក្នុងវិញ សម្រាប់រថយន្ត Toyota Innova បានបំពាក់ជាមួយដំបូលកញ្ជក់ panoramic sunroof ទំហំធំ, កៅអីទំហំធំដែលអាចលៃតម្រូវបានដោយថាមពលអគ្គិសនីជាមួយនឹងកន្លែងដាក់ជើង, ភ្លើង LED mood lighting, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto hold។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានម៉ាស៊ីន ២ ប្រភេទរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥២ សេះ និងកម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយរបៀបបើកបរចំនួន ៣ រៀប Eco, Normal និង Power Drive system ។
- ម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ១៨៦ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយរបៀបបើកបរចំនួន ៤ រួមមាន EV, Eco, Normal និង Power Drive system ៕