ផ្អែកតាមការចុះផ្សាយរបស់វិបសាយរថយន្តជប៉ុន Best Car Web បានឲ្យដឹងថារថយន្ត Toyota Land Cruiser ជំនាន់ថ្មី នឹងបង្ហាញមុខក្នុងពេលតែប៉ុន្មានខែទៀត ដែលមានការផ្លាស់ប្ដូរច្រើន។
Land Cruiser ជំនាន់ថ្មីនឹងមានជាប្រភេទម៉ាស៊ីន Hybrid ជាលើកដំបូង ដែលមានម៉ាស៊ីនសាំង ៣,៥ លីត្រ ៦ ស៊ីឡាំង អមនឹងម៉ូទ័រអគ្គិសនី។ ដែលវានឹងជំនួសនូវប្រភេទម៉ាស៊ីន ៤,៦ លីត្រ ៨ ស៊ីឡាំង នាពេលបច្ចុប្បន្ននេះ។
កំពូល SUV ជំនាន់ថ្មីនេះដែរ មិនរំពឹងថាផ្លាស់ប្ដូរមុខមាត់ខ្លាំងក្លានោះទេ ដោយរំពឹងថានឹងមានប្រើប្រាស់រន្ធខ្យល់ថ្មីដែលបានប្រើប្រាស់លើរថយន្ត Toyota ម៉ូដែលថ្មីជាច្រើនរួចមកហើយ ដូចជានៅលើ Toyota Corolla ជំនាន់ថ្មី ដែលវានឹងធ្វើឲ្យរថយន្ត Land Cruiser មានរូបរាងទាន់សម័យជាងមុន។
Best Car Web អះអាងថា Toyota នឹងប្រកាសចេញ Land Cruiser ថ្មីនៅក្នុងខែសីហាឆ្នាំ ២០២០ នេះ ហើយមុនការប្រកាសអាចនឹងមានលេចធ្លាយរូបរាងរថយន្តរត់សាកល្បងនៅលើអនឡាញជាមិនខានទេ៕