[បរទេស] កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Toyota ប្រចាំនៅតំបន់អឺរ៉ុប បានធ្វើការបើកទទួលការកក់ទុកមុនៅរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ សម្រាប់រថយន្ត ខណៈពេលនេះ រថយន្ត ១ ០០០គ្រឿងដំបូងត្រូវបានលក់អស់ត្រឹមតែរយៈពេល ៣០នាទីប៉ុណ្ណោះនៅទីផ្សារប្រទេសអាល្លឺម៉ង់ ។
សម្រាប់រថយន្ត Land Cruiser មាននៅក្នុងប្រទេសអាល្លឺម៉ង់មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន Executive, Tec និង First Edition ក្នុងនោះ ក្រុមហ៊ុន Toyota បានបញ្ជាក់ពីមុនថា Land Cruiser ម៉ូដែល First Edition នៅទូទាំងទ្វីបអឺរ៉ុបនឹងមានចំនួន ៣០០០ គ្រឿង។
Toyota Land Cruiser របស់តំបន់អឺរ៉ុបនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង GA-F platform ដែលអះអាងថាមានភាពរឹងមាំជាងជំនាន់មុនដល់ទៅ ៥០% នឹងត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនចំណុះ ២,៨ លីត្រ turbodiesel អាចផលិតកម្លាំងបាន ២០១ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ខណៈម៉ូដែលរថយន្តកូនកាត់ mild-hybrid ជាមួយនឹងប្រព័ន្ធ 48-volt នឹងមកដល់នៅឆ្នាំ ២០២៥ ។
Toyota Land Cruiser របស់ប្រទេសអាល្លឺម៉ង់សម្រាប់ម៉ូដែល Tec Edition និង First Edition ទទួលបានអត្ថប្រយោជន៍ពីមុខងារបន្ថែមជាច្រើន រួមទាំងរបារទប់លំនឹងខាងមុខថ្មី ថាស់កង់ស្ព័រទំហំ ២០ អ៉ីញ កញ្ចក់មើលក្រោយឌីជីថល អេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំឡេងម៉ាក JBL premium ចំនួន ១៤ ចំនុច៕