កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ក្រុមហ៊ុន Toyota បានបង្ហាញចេញនូវ Concept នៃរថយន្តម៉ូដែល Mirai ជំនាន់ចុងក្រោយ។ នាពេលនេះគេដឹងថារូបរាងផ្លូវការសម្រាប់ផលិតលក់លើទីផ្សារនៃ Toyota Mirai ឆ្នាំ ២០២១ នឹងបង្ហាញចេញនាខែតុលា ឬខែវិច្ឆិកាខាងមុខនេះ។
បើតាមប្រភេទពីវិបសាយភាសាជប៉ុន Best Car Web បានឲ្យដឹងថាការបង្ហាញចេញរថយន្តនឹងធ្វើឡើងក្នុងប្រទេសជប៉ុន ហើយវាអាចនឹងចេញលក់លើទីផ្សារប្រទេសជប៉ុននាដើមឆ្នាំ ២០២១។ ប្រភពនេះអះអាងដែរថា រថយន្ត Mirai ជំនាន់ថ្មី នឹងមានតម្លៃចាប់ពីប្រមាណ ៨លានយេន ដែលស្មើប្រមាណ ៧៤ ៥០០ដុល្លារ។
រូបរាងរបស់រថយន្តផ្លូវការសម្រាប់លក់លើទីផ្សារ រំពឹងថាមិនមានការផ្លាស់ប្ដូរច្រើនខុសពីប្រភេទ Concept ដែលបង្ហាញចេញក្នុងកម្មវិធី Tokyo Motor Show នាឆ្នាំមុននោះទេ។ ចំណែកឯផ្នែកខាងក្នុងវិញក៏រំពឹងថាមិនមានប្រែប្រួលដែរ ដោយនឹងមានកុងទ័រឌីជីថល ៨អ៊ីញ អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ មានប្រព័ន្ធសំឡេង JBL ចំនួន ១៤គ្រាប់ និងមានកន្លែងសាកថ្មទូរសព្ទដោយមិនប្រើខ្សែជាដើម៕