Toyota បានបង្ហាញចេញ Mirai Concept ស៊េរីឆ្នាំ ២០២១ ដែលវាអាចជារូបរាងចុងក្រោយសម្រាប់ផលិតនិងបញ្ចេញលក់លើទីផ្សារនាចុងឆ្នាំ ២០២០ ខាងមុខនេះ។
រថយន្ត Mirai ជំនាន់ថ្មីនេះ មានរូបរាងកាន់តែទាក់ទាញ ដែលហាក់យកលំនាំតាមរថយន្ត Lexus LS។ រថយន្តថ្មីនេះដែរមានការប្ដូរពីប្រព័ន្ធបើកបរវិលកង់មុខ មកជាប្រភេទវិលកង់ក្រោយ (RWD) វិញ។ បន្ថែមពីនេះវាអាចបើកបរបានចម្ងាយឆ្ងាយជាងមុន ៣០% ធៀបនឹងជំនាន់មុន ដែលអាចបើកបរដល់ចម្ងាយប្រហែល ៦៣០ គីឡូម៉ែត្រ ពេលសាកអ៊ីដ្រូហ្សែនពេញ។
គួរដឹងថារថយន្តដែលប្រើប្រាស់អ៊ីដ្រូហ្សែនដូចជា Mirai នេះ គឺវាអាចបង្កើតនូវអគ្គិសនីដោយខ្លួនវា ដោយប្រើប្រាស់អ៊ីដ្រូហ្សែន និងអុកស៊ីហ្សែន ហើយលទ្ធផលបញ្ចេញជាចំហាយទឹក។ គុណសម្បត្តិរបស់វាគឺប្រើពេលតែ ៥ នាទីអាចសាកអ៊ីដ្រូហ្សែនពេញ ដែលរថយន្តអគ្គិសនីប្រើអាគុយគឺចំណាយពេលសាកយូរជាងនេះឆ្ងាយ៕