មានពាក្យចចារា៉មថារថយន្ត Toyota Prius ជំនាន់ទី ៥ថ្មី នឹងធ្វើការអភិវឌ្ឍន៍ថ្មីទាំងស្រុង ប៉ុន្តែរក្សាម៉ាស៊ីន Hybrid នៅដដែល។ ចាប់តាំងពីឆ្នាំ ១៩៩៧ ការចេញលក់រថយន្ត Prius ជំនាន់ទី ១ របស់ក្រុមហ៊ុន Toyota បានធ្វើបច្ចុប្បន្នភាពរថយន្តនេះរៀងរាល់ ៦ ឆ្នាំម្តង ដែលមានន័យថា ឆ្នាំ២០២២ គឺជាពេលវេលាដ៏ត្រឹមត្រូវបំផុត សម្រាប់ការបង្ហាញចេញនូវមុខមាត់ថ្មីនៃរថយន្តជំនាន់ទី ៥។
យោងតាមរបាយការណ៍ពីគេហទំព័រ Autocar បានបញ្ជាក់ថារថយន្ត Prius ថ្មីនឹងត្រូវផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង E3 ដែលរួមបញ្ចូលគ្នារវាងគ្រោងឆ្អឹង GA-C និងគ្រោងឆ្អឹង bZ។ ការហាមឃាត់មិនឱ្យលក់ម៉ាស៊ីនពីស្តុងនៅអឺរ៉ុប និងអង់គ្លេស នឹងមិនអាចកើតទ្បើងមុនឆ្នាំ ២០៣០ទេ ដែលវាជាពេលវេលាមួយគ្រប់គ្រាន់សម្រាប់រថយន្ត Prius ជំនាន់ថ្មី។
លោក Andrea Carlucci នាយកផ្នែកទីផ្សារ និងអភិវឌ្ឍន៍ផលិតផលនៅ Toyota Motor Europe បាននិយាយថារថយន្ត Prius គឺជានិមិត្តរូបតំណាងឱ្យម៉ាកយីហោ។ រថយន្តនេះត្រូវតែរក្សាតួនាទីរបស់ខ្លួនក្នុងការក្លាយជាអ្នកនាំមុខគេជាមួយនឹងបច្ចេកវិទ្យាប្រភេទហាយប្រ៊ីដ។ ពិសេសជាងនេះ លោកបន្ថែមទៀតថា“រថយន្ត Prius នៅតែលេចធ្លោ និងតំណាងឱ្យអ្វីដែលជាយើង គឺHybrid និងជាអ្នកនាំមុខផ្នែកអគ្គិសនី”។
យ៉ាងណាមិញសម្រាប់យុទ្ធសាស្ត្រនាពេលអនាគតរបស់ Toyota មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយថា Hybird នៅតែជា “ចំណុចសំខាន់” សម្រាប់ម៉ាកយីហោដែលគ្រោងនឹងផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់ BEVs រួមមាន៖ Hybrid, Plug-in Hybrids និងរថយន្តប្រើអ៊ីដ្រូហ្សែន ជំនួយឲ្យរថយន្តប្រើថាមពលអគ្គិសនីសុទ្ធផងដែរ។
ជាមួយគ្នានេះ សម្រាប់ម៉ូឌែលថ្មីនេះគេរំពឹងវានឹងប្រើប្រាស់ជាមួយអាគុយ Bipolar (Bipolar nickel-metal hydride battery) ដែលបានបង្ហាញនៅប្រទេសជប៉ុននាពេលកន្លង ដែលជួយបង្កើននូវប្រសិទ្ធភាពនៃប្រព័ន្ធហាយប្រ៊ីដ។ លើសពីនេះម៉ាស៊ីនកូនកាត់ដែលត្រៀមមកដល់នាឆ្នាំ២០២២នេះ វាទំនងជាប្រភេទនៃការអភិវឌ្ឍន៍ថ្មីនៃម៉ាស៊ីន ១.៨លីត្របច្ចុប្បន្នផងដែរ៕