Toyota Raize 2020 ចេញលក់នៅជប៉ុន តម្លៃចាប់ពីជាង ១,៤ ម៉ឺនដុល្លារ

ក្រោយ​ពី​បាន​លេច​ធ្លាយ​រូបរាង​កាល​ពី​ខែ​មុន​រួច​មក រថយន្ត​ Toyota Raize ឆ្នាំ ២០២០ បាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន​ចាប់​ពី​ថ្ងៃ​នេះ។

រថយន្ត​នេះ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​របស់​ Daihatsu ឈ្មោះ​ថា​ DNGA ដែល​វា​ទំហំ​តូច​ជាង​រថយន្ត C-HR ដោយ​មាន​ប្រវែង ៣៩៩៥ ម.ម ទទឹង​ ១៦៩៥ ម.ម និង​កម្ពស់ ១៦២០ ម.ម។ ត្បិត​ថា​មាន​ទំហំ​តូច​ប៉ុន្តែ​រថយន្ត​នេះ​ផ្ដល់​នូវ​ទំហំ​ខាង​ក្នុង​ធំ​ទូលាយ និង​មាន​កន្លែង​ដាក់​ឥវ៉ាន់​ទំហំ ៣៦៩ លីត្រ​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន​របស់​រថយន្ត​នេះ​អាច​ផលិត​កម្លាំង​បាន​ ៩៧ សេះ ដែល​ក្រុមហ៊ុន​និយាយ​ថា​អាច​ផ្ដល់​នូវ​ការ​បង្កើន​សន្ទុះ​ថាមពល​ខ្លាំង និង​រលូន​ល្អ ហើយ​សន្សំសំចៃ​ប្រេង​បាន​ល្អ និង​បញ្ចេញ​សំឡេង​ស្ងាត់​ពេល​បើកបរ​នៅ​ល្បឿន​លឿន។

កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​គឺ ១ លីត្រ ជិះ​បាន ១៨,៦ គ.ម ឬ ៥,៤ លីត្រ/១០០ គ.ម សម្រាប់​ប្រភេទ 2WD និង​ប្រភេទ 4WD ស៊ី​ប្រេង​ ៥,៧ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។ នៅ​ពេល​និយាយ​ដល់​ជំនួយ​ការ​បើកបរ​ រថយន្ត​ Raize នេះ​មាន​មុខងារ Crash Avoidance Braking Function, Erroneous Start Prevention Function, Adaptive Cruise Control និង Smart Panorama Parking Assist ជា​ដើម។

រថយន្ត​នេះ​មាន​លក់​ជា​ ៣ ប្រភេទ​នៅ​ជប៉ុន ដែល​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៤ ៤២៥ ដុល្លារ ហើយ​ក៏​មាន​សេវាកម្ម​បង់​ប្រចាំ​ខែ​ចាប់​ពី ៣៦៦ ដុល្លារ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម