
ក្រុមហ៊ុន Toyota ទើបតែបានដាក់សម្ពោធរថយន្ត RAV4 ស៊េរីឆ្នាំ ២០២៦ ផ្ដល់ជូនជាមួួយជម្រើសគ្រឿងតុបតែងបន្ថែមយ៉ាងសម្បូរបែប។ ប៉ុន្តែយ៉ាងណាគួរសោកស្ដាយ សម្រាប់អតិថិជននៅប្រទេសអូស្ត្រាលីនិងអតិថិជនៅទីផ្សារអន្ដរជាតិ ព្រោះថារថយន្ដ RAV4 បំពាក់ជាមួយគ្រឿងបន្ថែមនេះមិនបានដាក់នៅទីនោះទេ។
រថយន្ត Toyota RAV4 ជារថយន្ត SUV ខ្នាតមធ្យមពេញនិយមបំផុតនៅប្រទេសអូស្ត្រាលី។ វាមិនមែនជារឿងចម្លែកនោះទេ ដែលក្រុមហ៊ុនជប៉ុនតែងតែដាក់លក់គ្រឿងតុបតែងបន្ថែមយ៉ាងសម្បូរបែប លើរថយន្តដែលតត្រូវបានដាក់លក់នៅក្នុងទីផ្សារក្នុងស្រុករបស់ពួកគេ ហើយសម្រាប់រថយន្ដ Toyota RAV4 ស៊េរីឆ្នាំ ២០២៦ នេះក៏មិនមែនជាករណីលើកដំបូងដែរ។
យោងតាមព័ត៌មាននៅលើគេហទំព័ររបស់ Toyota Japan បានបង្ហាញពីកញ្ចប់គ្រឿងតុបតែងចំនួន ៣ ផ្សេងគ្នាសម្រាប់រថយន្ត RAV4 ថ្មី ដែលមានចាប់ពីកម្រិតតុបតែងបែបទន់ភ្លន់រហូតដល់កម្រិតរឹងមាំ។
កញ្ចប់តុបតែង “Z Life Style” មកពីផ្នែករចនាម៉ូដ Modellista របស់ Toyota ផ្ដល់ឲ្យរថយន្ត RAV4 នូវរូបរាងបែប (Aero-optimised) ជាមួយនឹងអណ្ដាតកាងមុខពណ៌ដូចតួឡាន, កម្រាលឈ្នាន់ចំហៀង, កាងការពារជ្រុងក្រោយ, ប៉ាណាខាងមុខរាងសំណាញ់ដែលមកជំនួសបន្ទះសំប៉ែតរាងក្បាលញញួរ (Hammerhead) ស្ដង់ដារ និងយ៉ាន់ស្ព័រទំហំ ២០ អុីញ។
លទ្ធផលដែលទទួលបាន គឺរូបរាងបែបវប្បធម៌ឡានតុបតែងបែប (Tuner culture) ដ៏ពេញនិយមបំផុតក្នុងសម័យឆ្នាំ ៩០ សម្រាប់រថយន្ត RAV4 ប្រភេទដែលបំពាក់កាងដូចទៅនឹងម៉ូដែលកម្រិត GX, GXL, XSE និង Cruiser នៅក្នុងប្រទេសអូស្ត្រាលី។
កញ្ចប់តុបតែង (Adventure) អតិថិជនអាចជ្រើសរើសយកជម្រើសមួយក្នុងចំណោមជម្រើសពីរ ដែលត្រូវគ្នាជាមួយនឹងរចនាបថតួខ្លួនរបស់រថយន្ត RAV4 Outdoor នៅក្នុងប្រទេសជប៉ុន ដែលជារចនាបថប្រហាក់ប្រហែលនឹងរថយន្ត RAV4 Edge របស់អូស្ត្រាលី។
កញ្ចប់តតុបតែង “Outdoor” លេងបន្ថែមដោយគ្រឿងតុបតែងរបស់ “JAOS Style” គឺមានភាពលេចធ្លោខុសប្លែកពីគេស្រឡះតែម្ដង។ ដូចគ្នាទៅនឹងកញ្ចប់ JAOS ដែលមានសម្រាប់រថយន្តម៉ូឌែល Prado ដែរ រថយន្ត RAV4 នឹងទទួលបានការផ្លាស់ប្តូររូបរាងថ្មី ដែលត្រូវបានបំផុសគំនិតចេញពីរថយន្ត Off-road ។
ជម្រើសដែលមានក្នុងកញ្ចប់នេះរួមមាន៖ ប៉ាណាខាងលើប្រភេទបិទជិតបំពាក់លេងបន្ថែមជាមួយភ្លើងសញ្ញាពណ៌ទឹកក្រូចតូចៗចំនួន៤គ្រាប់នៅផ្នែកខាងមុខ (Orange marker lights), របាំងការពារជ្រុងកាងមុខដែលមានភ្លើង LED, គែមកង’រចនាដោយមានចាប់ខ្ចៅ, ឈ្នាន់ចំហៀងរាងមាំក្រាស់, ការបាំងភក់មានជម្រើសពណ៌ខ្មៅ ឬពណ៌ក្រហម និងគ្រឿងលម្អកាងក្រោយប្រភេទលោហៈ។

បន្ថែមពីនេះរថយន្ដ RAV4 “JAOS Style” បានបំពាក់មកជាមួយយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញរចនាបែបរថយន្តប្រណាំងរ៉ាលី (Rally-style) និងសំបកកង់ All-terrain ដើម្បីធានាថាវាពិតជាស័ក្ដិសមជាមួយរថយន្ដបែប Off-Road។ សម្រាប់អតិថិជនអូស្ត្រាលីក៏ដូចជាអតិថិជននៅទីផ្សារអាចនឹងខកចិត្ដដូចគ្នាដោយសារកញ្ចប់តុបតែងបែប Modellista និង JAOS ដែលលក់ដោយក្រុមហ៊ុន Toyota បច្ចុប្បន្នទាំងនេះនឹងមិនត្រូវបាននាំយកទៅកាន់ទីផ្សារអូស្ត្រាលីនិងទីផ្សារអន្ដរជាតិនោះទេ៕



























