នាពេលថ្មីៗនេះ Toyota បានបញ្ចេញរថយន្ត SUV ខ្នាតតូច RAV4 TRD Off-Road ស៊េរីឆ្នាំ ២០២០ ដែលមានសមត្ថភាពបើកបរផ្លូវលំបាកយ៉ាងអស្ចារ្យ។
RAV4 TRD Off-Road បំពាក់មកជាមួយនូវប្រព័ន្ធបូមសម្រាប់បើកបរ Off-Road ដែលបំផុសគំនិតដោយក្រុម Rally RAV4 Race Team, ប្រព័ន្ធបើកបរប៉ុងពីរ Torque Vectoring All-Wheel Drive, សម្បកកង់អាចទប់ទល់គ្រប់ស្ថានភាពផ្លូវ Falken Wildpeak A/T Trail All-Terrain Tires ជាមួយនឹងយ៉ាន់អាលុយមីញ៉ូមទម្ងន់ស្រាល ប្រភេទ TRD ទំហំ ១៨ អ៊ីញ ព្រមទាំងលក្ខណៈពិសេសបែប TRD ទាំងផ្នែកខាងក្រៅ និងខាងក្នុងតែម្តង។
វាត្រូវបានផលិតឡើងផ្អែកលើ RAV4 ម៉ូដែល Adventure ប៉ុន្តែបន្ថែមសមត្ថភាព Off-Road កាន់តែអស្ចារ្យ ដោយសារតែ ប្រព័ន្ធបូម, កង់ និងសម្បកកង់ជាដើម។
RAV4 TRD Off-Road ប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២០៣ សេះ ដំណើរការដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទ Direct-Shift Automatic Transmission ដែលមានមុខងារបើកបរ Sport, Normal និង Eco ផងដែរ។ កម្លាំងប៉ុណ្ណេះវាអាចអូសសណ្តោងបានរហូតដល់ទៅទម្ងន់ ១,៥ តោន។
ក្រៅពីលក្ខណៈពិសេសខាងលើ វាបានបំពាក់មុខងារស្តង់ដារជាច្រើន ដូចជា ប្រព័ន្ធ Multi-Terrain Select ដែលអនុញ្ញាតឲ្យអ្នកបើកបរជ្រើសរើសលក្ខខ័ណ្ឌបើកបរលើផ្លូវ ភក់ និង ខ្សាច់ (Mud & Sand) ថ្ម និង ដី (Rock & Dirt) និង ព្រិល (Snow) ផងដែរ។
លក្ខណៈពិសេសស្តង់ដារដទៃទៀត មានដូចជា មុខងារជំនួយពេលឡើងចំណោត Hill Start Assist Control (HAC), មុខងារជំនួយពេលអូសសណ្តោង Trailer Sway Control (TSC), និង មុខងារជំនួយពេលចុះចំណោត Downhill Assist Control (DAC) ជាដើម៕