Toyota Rush GR Sport ឆ្នាំ២០២៤ មុខមាត់ថ្មី ចេញលក់នៅប្រទេសឥណ្ឌូនេស៊ី តម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Rush GR Sport ស៊េរីឆ្នាំ ២០២៤ មាន ២ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៨ ៨៤២ ដុល្លារ ដល់ ១៩ ៤៩៦ ដុល្លារ ។

Toyota Rush GR Sport ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៤ សេះ និងកម្លាំងរមួល ១៣៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤វគ្គ និងបានប្រើប្រាស់ប្រព័ន្ធ suspension MacPherson Strut ជាមួយ coil spring នៅផ្នែកខាងមុខ និង 5-link suspension នៅផ្នែកខាងក្រោយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៣៥ ម.ម ទទឹង ១ ៦៩៥ ម.ម កំពស់ ១ ៧០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨៥ ម.ម ដោយនៅផ្នែកខាងក្រៅផ្លាស់ប្តូរថ្មីទាំងស្រុង រួមមានប៉ាណា និងកាងមុខរចនាថ្មី ​ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧អ៉ីញថ្មី កាង spoiler ក៏ដូចជាកាងការពារផ្នែកខាងក្រោយថ្មី និងឡូហ្គោអក្សរ GR Sport ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញរបស់ SUV ៧កៅអីនេះ ត្រូវបានឌីស្សាញថ្មី ដោយផ្ទៃតាឡូមានភាពស្ព័រជាងមុន និងភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ រួមទាំងកៅស្បែកមានឡូហ្គោអក្សរ GR Sport ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម