វត្តមានរថយន្ត Toyota Sequoia ប្រភេទ TRD Pro ដ៏ថ្មីសន្លាង ទើបតែលេចចេញរូបរាងនៅសហរដ្ឋអាមេរិក ដោយបានបំពាក់មកជាមួយនូវបូមប្រភេទ Fox ដែលជួយឲ្យសមត្ថភាពបើកបរ Off-road កាន់តែអស្ចារ្យ។
Sequoia TRD Pro ស៊េរីឆ្នាំ ២០២០ នេះ ក៏បានបំពាក់ចម្រឹងខ្យល់ផ្នែកខាងមុខដែលទទួលការរចនាឡើងវិញ , ចង្កៀង LED និង អំពូលកាត់អ័ព្ទ , បន្ទះការពារថ្ម និង រឺហ្គែរ , យ៉ាន់ប្រភេទ BBS ទំហំ ១៨ អ៊ីញ ជាមួយនឹងសម្បកកង់ ទំហំ ២៧៥/៦៥ និង ប្រព័ន្ធបំពង់ស៊ីម៉ាំង TRD ផងដែរ។
រឹតតែពិសេសជាងនេះទៅទៀត វាផ្តល់នូវជម្រើសពណ៌ពិសេស រហូតដល់ទៅ ៤ ឯណោះ គឺ ពណ៌បៃតង (Army Green) , ពណ៌ស (Super White) , ពណ៌ខ្មៅ (Midnight Black Metallic) និង ពណ៌ប្រផេះ (Magnetic Gray Metallic)។
ចំណែកឯផ្នែកខាងក្នុងវិញ រថយន្ត SUV ខ្នាតធំ (full-size) នេះបំពាក់កៅអីស្បែក ជាប្រភេទស្ព័រ សំលេចទៅដោយថ្នេរដេរពណ៌ក្រហមយ៉ាងទាក់ទាញ ព្រមទាំងមានរូប TRD Pro នៅលើនោះផងដែរ។ ជាមួយគ្នានេះ Sequoia TRD Pro បានបំពាក់លក្ខណៈពិសេសស្តង់ដារជាច្រើន ដូចជា ដំបូលចុច , កៅអីចុច ៨ ទិស , ប្រព័ន្ធសំឡេងប្រភេទ Premium , ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣ ជួរ , អេក្រង់ Infotainment System ទំហំ ៧ អ៊ីញ , មុខងារ Apple CarPlay, Android Auto, Amazon Alexa, SiriusXM, Bluetooth, រន្ធដោត USB, Smart Key និង ប៊ូតុងបញ្ឆេះ-ពន្លត់ម៉ាស៊ីនទៀតផង។
មិនតែប៉ុណ្ណោះ រថយន្ត ៧ កៅអីនេះបានបំពាក់បច្ចេកវិទ្យាសុវត្ថិភាព Toyota Safety Sense-P ដោយក្នុងនោះរួមមានមុខងារ Pre-collision with Pedestrian Detection and Automatic Braking, Lane Departure Alert, Automatic High Beams, Radar Cruise Control, Blind Spot Monitor និង Rear Cross Traffic Alert មកស្តង់ដារតែម្តង។
សូមបញ្ជាក់ថា រថយន្ត Toyota Sequoia TRD Pro បានបំពាក់ម៉ាស៊ីនចំណុះ ៥,៧ លីត្រ ទំហំ ៨ ស៊ីឡាំង (V8) មានកម្លាំងរហូតដល់ទៅ ៣៨១ សេះ និងប្រើប្រអប់លេខអូតូ ៦ វគ្គ ដែលអាចអូសសណ្តោងបានទម្ងន់ ៣ តោនឯណោះ៕