Toyota Sienta ២០២៣ ជំនាន់ថ្មី រូបរាងថ្មី បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើដាក់បង្ហាញចេញជាផ្លូវការនៅនៅថយន្ត Toyota Sienta ស៊េរីឆ្នាំ ២០២៣ ថ្មី​ ដែលត្រូវបានរចនាឡើងវិញទាំងស្រុង ដែលមាន ៣ម៉ូដែលសម្រាប់ជ្រើសរើស ព្រមទាំងប្រភេទ ៥ កៅអី និង ៧ កៅអី ជាមួយនឹងតម្លៃលក់ចាប់ពី ១៤ ២៤៩ ដុល្លារ ដល់ ២២ ៧១១ ដុល្លារនៅក្នុងទីផ្សារប្រទេសជប៉ុន។

Toyota Sienta ស៊េរី​ឆ្នាំ ២០២៣ ថ្មី​នេះ​ជា​ជំនាន់​ទី ៣នេះ ត្រូវបានផលិតឡើងដោយប្រើ​ប្រាស់ជាមួយគ្រោងឆ្អឹង TNGA (GA-B) platform ដែល​មាន​គំនិតនៃការរចនាឲ្យឈ្មោះថា “Shikakumaru” ដែលរួមបញ្ចូលគ្នាជាមួយរាងជាជ្រុងៗនិងមូលៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងនៃកាប៊ីនក៏បានប្រើប្រាស់នៅគំនិតនៃការរចនាបែប “shikakumaru” ដែលបង្កើននូវប្រណិតភាព និងផាសុកភាព ជាការបង្កើនកម្ពស់ ២០ ម.ម និងបង្កើនប្រវែងរវាងកៅអីជួរទី ១ និង ៨០ ម.ម សម្រាប់អ្នកដំណើរជួរទី ២ ។ បន្ថែមពីនេះរថយន្តនេះបាន​បំពាក់កញ្ចក់​ការពារ​កម្ដៅ, អេក្រង់កម្សាន្តបញ្ឈរទំហំ ១០,២អ៊ីញ និងកុងទ័រប្រភេទឌីជីថលផងដែរ។

លើសពីនេះ Toyota Sienta ស៊េរី ២០២៣ ថ្មី ក៏មានការរចនាទ្វាររូតផ្នែកខាងក្រោយ ដែលបានបង្កើននូវកម្ពស់ដល់ទៅ ៦០ ម.ម ដើម្បីងាយស្រួលចូល និងចេញ ជាមួយនឹងប្រព័ន្ធ hands-free ដែលអាចបើក និងបិទទ្វារដោយស្វ័យប្រវត្តិ ឬគ្រាន់តែក្រវីជើង។ ក្រុមហ៊ុន Toyota និយាយថា ទំហំកន្លែងដាក់អីវ៉ាន់ខាងក្រោយក៏ត្រូវបានបង្កើនទំហំដល់ ២០ ម.ម និងទ្វារក្រោយត្រូវបានបន្ថែមកំពស់ ១៥ ម.ម ដើម្បីឲ្យការដាក់ឥវ៉ាន់កាន់តែងាយស្រួល។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid រួមគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងប្រព័ន្ធបើកបរប៉ុង​២ E-Four all-wheel drive ជាមួយកម្រិតស៊ីប្រេង ២៨,៨ គីឡូម៉ែត្រ/លីត្រ។ និងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ Dynamic Force ភ្ជាប់ជាមួយប្រអប់លេខអូតូ Sport Sequential Shiftmatic Direct-Shift CVT ១០ វគ្គ។ បន្ថែមពីនេះ រថយន្តនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថភាព Toyota safety sense ជាស្តង់ដារនៅលើគ្រប់ម៉ូដែលទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម