Toyota បានប្រកាសចេញជាផ្លូវការនូវតម្លៃរថយន្ត Tundra ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលនឹងមានចាប់ពី ៣៥ ៩៥០ដុល្លារ ហើយក្រុមហ៊ុនក៏បានបង្ហាញចេញកម្រិតស៊ីប្រេងសម្រាប់ម៉ាស៊ីន i-FORCE ថ្មីផងដែរ។
រថយន្ត Tundra ប្រភេទទាបជាងគេគឺមានឈ្មោះថា 4×2 SR Double Cab ដែលតម្លៃរបស់វាគឺចាប់ពី ៣៥ ៩៥០ដុល្លារ ហើយរថយន្តនេះមានប្រភេទជាច្រើនទៀតដែលអាចបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ដោយតម្លៃថ្លៃបំផុតនោះគឺប្រភេទ 1794 Edition CrewMax ដែលមានតម្លៃ ៦១ ០២០ដុល្លារ។
ដោយឡែក ម៉ាស៊ីនពីរប្រភេទដែលប្រើលើ Tundra ស៊េរីឆ្នាំ២០២២ មានជាប្រភេទ i-Force និង i-Force Max ដែលពួកវាទាំងពីរមានបំពាក់នូវម៉ាស៊ីន twin-turbocharged ចំណុះ៣,៥លីត្រ ៦ស៊ីឡាំងដូចគ្នា ប៉ុន្តែប្រភេទ Max មានភ្ជាប់នឹងម៉ូទ័រអគ្គិសនីមួយ។ ប្រភេទធម្មតាអាចផលិតកម្លាំងបាន ៣៤៨សេះ ខណៈដែលប្រភេទ i-Force Max ផលិតកម្លាំងបាន ៤៣៧សេះ។
កម្រិតស៊ីប្រេងរបស់ i-Force Max នៅមិនទាន់បញ្ចេញនោះទេ ប៉ុន្តែសម្រាប់ i-Force ធម្មតាគឺមានកម្រិតស៊ីប្រេងជាមធ្យមប្រមាណពី ១១,៧លីត្រ ទៅ ១២,៧លីត្រ ក្នុងការបើកបរចម្ងាយ១០០គីឡូម៉ែត្រ។ រថយន្តស៊េរីថ្មីនេះដែរនឹងចាប់ផ្ដើមចេញលក់លើទីផ្សារនាខែធ្នូខាងមុខ៕