Toyota Tundra Capstone ២០២២ ​ជា​រថយន្តភីកអាប់ដ៏​ប្រណិត ត្រៀមចេញលក់នៅទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការដាក់បញ្ចេញរថយន្ត Toyota Tundra Capstone ដែលជារចនាឡើងផ្តោតឡើងលើប្រណិតភាព ដែលនឹងប្រកួតប្រជែងជាមួយគូប្រជែងដូចជា GMC Sierra Denali សម្រាប់ទីផ្សារសហរដ្ឋអាមេរិកនាពេលខាងមុខ។

រថយន្ត Toyota Tundra Capstone បានរចនា​ល្អ​ប្រណីតជាមួយ​នឹង​ក្រូម៉េ ដូចជាកញ្ចក់ក្តោប ថាសកង់​ទំហំ ២២ អ៊ីញ​ដែលកង់ទំហំធំមិនធ្លាប់មាននៅលើរថយន្ត Tundra ប៉ាណាខាង​មុខរចនាឡើងពិសេសរំលេចជាមួយ​ក្រូម៉េ ឡូហ្គោ TUNDRA នៅ​ទា្វរខាង​ក្រោយ ហើយក៏មានការតុបតែងក្រូម៉េជាច្រើននៅជុំវិញតួខ្លួនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅខាងក្នុងកាប៊ីនត្រូវបានតុបតែងដ៏ប្រណិតជាមួយនឹងកៅអីស្បែកពណ៌ស និងខ្មៅ ជាមួយនឹងប្រព័ន្ធកំដៅនិងខ្យល់ទាំង២ជួរ ផ្ទៃខាងក្នុងតុបតែងដោយឈើប្រណិតភាពត្រូវបានបំពាក់ដោយ Dark American Walnut នៅលើផ្ទៃតាប្លូ ទ្វារ និងកុងសូលកណ្តាល, ដំបូលបើកបែប Panoramic moonroof, កុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត multimedia ទំហំ ១៤ អ៊ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay ដោយពុំបាច់ប្រើខ្សែ កញ្ចក់មើលខាងក្រោយឌីជីថល ឧបករណ៍បំពងសំឡេងដ៏ប្រណិត ១២ចំនុច ម៉ាក JBL។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Toyota Tundra Capstone ដំណើរការដោយម៉ាស៊ីនមានពីរជម្រើសរួមមាន ម៉ាស៊ីនចំណុះ ៣,៥ លីត្រ  twin-turbo V6 ផលិតកម្លាំងបាន ៣៨៩ សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ  ខណៈពេលដែល ដំណើរការដោយម៉ាស៊ីនថ្មី i-Force Max ប្រភេទ hybrid ចំណុះ ៣,៥​ លីត្រ Twin-Turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនី១ ដែលរួមញ្ចូលគ្នាអាចបង្កើតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Tundra Capstone អាចផ្ទុកទម្ងន់បាន ៦៧៤ គីឡូក្រាម និងសមត្ថភាពអូសសណ្តោង ៤ ៦៩០ គីឡូក្រាម។ ក្នុងនោះ Toyota ក៏បានភ្ជាប់មកជាមួយកញ្ចប់បច្ចេកវិទ្យាអូសសណ្តោង ដែលរួមមាន Trailer Back Guidance និង Straight Path Assist អតិថិជនក៏អាចជ្រើសរើសប្រព័ន្ធ Adaptive Variable Suspension ដែលកែតម្រូវកម្លាំងសើមដោយផ្អែកលើស្ថានភាពផ្លូវផងដែរ។

ជាមួយគ្នានេះ រថយន្ត Tundra នឹងត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថភាព Toyota Safety Sense 2.5 ដូចជាប្រព័ន្ធជំនួយអ្នកបើកបរចុងក្រោយបំផុត TSS 2.5 ប្រព័ន្ធ automatic emergency braking, ប្រព័ន្ធ pedestrian and cyclist detection system, blind spot display system rear traffic warning system, automatic high beam system Adaptive cruise control active traffic display system ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម