ក្រុមហ៊ុន Toyota ប្រចាំប្រទេសឥណ្ឌូណេស៊ី បានបង្ហាញចេញផ្លូវការរថយន្ត Veloz ឆ្នាំ២០២៦ ដែលបំពាក់មកជាមួយបច្ចេកវិទ្យា Hybrid ជាលើកដំបូង នៅក្នុងពិព័រណ៌យានយន្ត GJAW 2025 នាទីក្រុងហ្សាកាតា ដែលធ្វើឡើងពីថ្ងៃទី២១ ដល់ ៣០ ខែវិច្ឆិកា។

Toyota បានលើកឡើងថា រថយន្ត Veloz Hybrid នេះ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ដែលកាន់តែកើនឡើង សម្រាប់រថយន្តប្រភេទបញ្ចេញផ្សែងតិច និងជាពិសេស សម្រាប់អ្នកដែលចង់សន្សំសំចៃប្រើប្រាស់សាំងតិច តែមិនចង់ប្តូរទៅរថយន្តអគ្គិសនី។
រថយន្ត MPV Hybrid 7កៅអីនេះ ប្រើម៉ាស៊ីន 2NR-VEX ស៊ីឡាំង៤ ចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ៩១សេះ និងកម្លាំងរមួល ១២១ញូតុនម៉ែត្រ ហើយដំណើរការជាមួយម៉ូទ័រអគ្គិសនីទៀតនោះ វាផលិតបានកម្លាំង ១១១សេះ ជាមួយប្រអប់លេខ E-CVT និងអាគុយទំហំ ០,៧គីឡូវ៉ាត់ម៉ោង។

យ៉ាងណាមិញ Toyota មិនបានបញ្ជាក់លម្អិតអំពី Spec របស់ Veloz Hybrid នេះទេ ប៉ុន្តែរថយន្តនេះបំពាក់ប្រព័ន្ធ Toyota Safety Sense ដែលជាបច្ចេកវិទ្យាជំនួយអ្នកបើកបរឈានមុខរបស់ Toyota ដែលរួមមានដូចជា ប្រព័ន្ធ AEB, Blind Spot, Lane departure warning, rear cross traffic និង Pedal misoperation control ជាដើម។

គួរដឹងថា Toyota Veloz នេះ គឺជារថយន្តទី៣ហើយដែលបំពាក់ Hybrid ផលិតក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពី Innova Zenix និង Yaris Cross។
រថយន្ត Toyota Veloz Hybrid 2026 នឹងត្រូវដាក់លក់ក្នុងទីផ្សារប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំក្រោយ ជាមួយតម្លៃចាប់ពី ១៧ ៩០០ដុល្លារឡើងទៅ៕


















