[ទីផ្សារបរទេស] រថយន្ត Toyota Vios ជំនាន់ថ្មីត្រូវបានក្រុមហ៊ុន Toyota Thailand ប្រកាសដំណឹងថានឹងត្រូវបង្ហាញវត្តមាននៅថ្ងៃទី៩ ខែសីហា ខាងមុខ ដោយមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ហើយរំពឹងថាមានប្រើប្រាស់ម៉ាស៊ីន Hybrid ផងដែរ។
តាមវីដេអូខ្លីដែលបង្ហោះដោយ Toyota Thailand បានបង្ហាញថា Vios ជំនាន់ថ្មីបានផ្លាស់ប្ដូរស្ទីលឌីហ្សាញមកជាបែបជ្រុងៗវិញ ដែលជាអត្តសញ្ញាណថ្មីមួយមានប្រើលើរថយន្ត Toyota ម៉ូដែលថ្មីៗកន្លងមក។ រថយន្តជំនាន់ថ្មីនេះក៏ឃើញមានប្រើអំពូល LED រាងស្ដើង ជាមួយអំពូលភ្លើងបំភ្លឺពេលថ្ងៃជាប្រភេទ LED មានរាងជាអក្សរ L ហើយផ្នែកខាងក្រោយក៏ឃើញមានការផ្លាស់ប្ដូរផងដែរ។
លក្ខណៈសម្បត្តិនៅមិនទាន់ប្រកាសនៅឡើយទេ ប៉ុន្តែបើតាម Autolifethailand បានឲ្យដឹងថា Vios ជំនាន់ថ្មីនឹងមានម៉ាស៊ីនពីរជម្រើសពេលលក់នៅប្រទេសថៃ ដែលក្នុងនោះរួមមានម៉ាស៊ីន ១,២លីត្រ ៤ស៊ីឡាំង និងមួយទៀតជាម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ។
Toyota Vios ជំនាន់ថ្មីត្រូវបានអភិវឌ្ឍន៍លើគ្រោងឆ្អឹង DNGA នៃក្រុមហ៊ុនសាខា Daihatsu ដែលស្រដៀងទៅនឹងរថយន្ត Toyota Raize , Veloz , Avanza ឬ Daihatsu Rocky, Xenia និង Perodua Ativa ដែរ៕