[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ គ្រោងនឹងនាំយកនៅរថយន្ត Toyota Voxy ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV មកកាន់ទីផ្សាររបស់ខ្លួន នៅខែកក្កដា ឆ្នាំ ២០២៤ ដែលជាការនាំចូលមកពីទីផ្សារប្រទេសឥណ្ឌូនេស៊ី ។
រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៦៩៥ ម.ម ទទឹង ១ ៧៣០ ម.ម កំពស់ ១ ៨៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២០២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ១ ។
Toyota Voxy ស៊េរីឆ្នាំ ២០២៤ មានបំពាក់មកជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៧អ៉ីញ ទ្វាររូតចំហៀងដើរដោយថាមពលអគ្គិសនីទាំងសងខាង ជាដើម ។ បន្ថែមពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជំនាន់ទី ២ ទៀតផង ។
ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ។ លើសពីនេះត្រូវបានរៀបចំជាមួយជម្រើសកៅអីចំនួន ៧ ឬ ៨ ឬកៅអី ៣ជួរ ខណៈជួរទី ២ ជាកៅអីប្រភេទ Captain និងប្រព័ន្ធកាម៉េរា ៣៦០ ដឺក្រេផងដែរ ។
គួរបញ្ជាក់ផងដែរ Toyota Voxy ស៊េរីឆ្នាំ ២០២៤ សម្រាប់នៅទីផ្សារប្រទេសឥណ្ឌូនេស៊ី មានតម្លៃលក់ចាប់ពី ៦៧ ៣៥២ ដុល្លារតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន ៕