[ទីផ្សារបរទេស] កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ យោងតាមប្រភពព័ត៍មាន Prachachat បានឲ្យដឹងថា លោក Surasak Suthongwan អនុប្រធានប្រតិបត្តិក្រុមហ៊ុន Toyota Motor Thailand Company Limited បានធ្វើការបង្ហាញការកក់ទុកសម្រាប់រថយន្ត Toyota Yaris Ativ ស៊េរីថ្មី ត្រឹមរយៈពេល ១២ ថ្ងៃ ទទួលបានការកក់ទុកមុនដល់ទៅ ៨ ០០០ គ្រឿង ដែលជាកំណត់ត្រាថ្មីមួយរបស់ Toyota នៅប្រទេសថៃ។
រថយន្តជំនាន់ថ្មីនេះបានប្ដូរប្រើប្រាស់ការឌីហ្សាញបែបស្ព័រ អមជាមួយការឌីហ្សាញបែបជ្រុងៗខុសស្រឡះពីរថយន្តជំនាន់មុន ហើយអំពូលភ្លើងមុខ/ក្រោយក៏មានរូបរាងស្ដើងជាងមុនផងដែរ។ រូបរាងថ្មីនេះហាក់ស្រដៀងនឹងរថយន្ត Corolla Altis និង Camry ជំនាន់ថ្មីដែរ។
ផ្នែកខាងក្នុងក៏មានការផ្លាស់ប្ដូររចនាបថខ្លះៗផងដែរ ហើយវាមានបំពាក់មកជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៧អ៊ីញ, មានអេក្រង់កម្សាន្តទំហំ ៩អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសំឡេងម៉ាក Pioneer, ភ្លើងលម្អ មានសរុប ៦៤ពណ៌ និងមានម៉ាស៊ីនត្រជាក់ចែកដាច់ជាពីរតំបន់។
រថយន្ត Yaris Ativ ស៊េរីថ្មីដែលលក់នៅប្រទេសថៃមានជម្រើសបួនប្រភេទ ប៉ុន្តែប្រើប្រាស់ម៉ាស៊ីនតែមួយដូចគ្នាមានចំណុះ ១,២ លីត្រ អាចផលិតកម្លាំងបាន ៩៤ សេះ ភ្ជាប់ជាមួយប្រអប់លេខប្រភេទ CVT-i និងប្រើប្រព័ន្ធបើកបរប៉ុងមុខ។ សម្រាប់រថយន្តនេះមានតម្លៃចាប់ពី ១៥ ២០០ដុល្លារ រហូតដល់ ១៩ ៦០០ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ៕