Toyota YARIS ATIV ២០២៣ ទទួលបានការកក់ទុកមុនច្រើនជាង ២០ ០០០ គ្រឿងក្នុងរយៈពេល ១ ខែប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុន Toyota Motor Thailand Co., Ltd. បានធ្វើការបង្ហាញថារថយន្ត Toyota YARIS ATIV ស៊េរីឆ្នាំ ២០២៣ ថ្មី ទទួលបានការកក់ទុកមុនសរុបបានចំនួនជាង ២១ ៣៥០ គ្រឿងក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ចាប់តាំងពីការចេញលក់នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២។ ចំនួននេះគឺជាការលក់កើនឡើងក្នុងកំឡុងសប្តាហ៍ដំបូងចាប់ពីថ្ងៃដាក់លក់ជាង ៥ ០០០ គ្រឿង ខ្ពស់ជាងគោលដៅដែលក្រុមហ៊ុនដៅទុក ៣ ៥០០ គ្រឿងក្នុងមួយខែ។

Toyota Yaris Ativ ថ្មី​ត្រូវ​បាន​រំលេច​ដោយ​ការ​រចនា​យ៉ាង​ស្រស់​ស្អាត​ផ្នែក​ខាង​ក្រៅ Fastback ដោយមានមកជាមួយភ្លើងចង្កៀងមុខប្រភេទ Full LED, ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ, ចង្កៀងខាងក្រោយ Full LED Light-guiding ជាមួយ​នឹងអំពូលស៊ីញ៉ូ​ដែល​ Toyota បង្ហាញ​ថា​អាច​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​ជាមួយ​នឹង​ការ​តុបតែង​ផ្សេងៗ​ដែល​គ្រប​ដណ្តប់​លើ​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងក៏មានការផ្លាស់ប្ដូររចនាបថខ្លះៗផងដែរ ហើយវាមានបំពាក់មកជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៧អ៊ីញ, មាន​អេក្រង់​កម្សាន្ត​ទំហំ ៩អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសំឡេងម៉ាក Pioneer, ភ្លើងលម្អ មាន​សរុប ៦៤ពណ៌ និងមានម៉ាស៊ីនត្រជាក់ចែកដាច់ជាពីរតំបន់។ បន្ថែមពីនេះ ក៏ជាលើកដំបូងផងដែរ ដែលប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ Toyota Safety Sense ត្រូវបានដំឡើងនៅក្នុងរថយន្តនេះ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តនេះដំណើរការដោយម៉ាស៊ីន​ចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខប្រភេទ CVT-i និងប្រើប្រព័ន្ធបើកបរ​ប៉ុងមុខ។ សម្រាប់រថយន្តនេះមានតម្លៃចាប់ពី ១៥ ២០០​ដុល្លារ រហូតដល់ ១៩ ៦០០​ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម