[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានធ្វើការពង្រីកវិសាលភាពនៃត្រកូលរថយន្ត Yaris Cross របស់ខ្លួនជាមួយការបន្ថែមនូវជម្រើសម៉ូដែលថ្មីចំនួន២ គឺ GR Sport និង Z Adventure ជាមួយមានតម្លៃចាប់ពី ១៧ ១៦៩ ដុល្លារ ដល់ ២១ ២៨៦ ដុល្លារ នៅក្នុងទីផ្សារប្រទេសជប៉ុន។
Yaris Cross GR Sport ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមដែលមានការបន្ថែមនូវ Bracing នៅពីក្រោមតូខ្លួនខាងមុខនិងខាងក្រោយក្នុងការជួយបង្កើនលំនឹងនៃចង្កូត។ ខណៈប្រព័ន្ធ suspension ត្រូវបានកែសម្រួលកាត់បន្ថយកម្ពស់ជិះត្រឹម ១០ មីលីម៉ែត្រ។ វាក៏ទទួលបានរឺស័របូមថ្មីនិងចង្កូតប្រភេទអេឡិចត្រូនិច សំបកកង់ Falken FK510 ទំហំ ១៨ អ៊ីញ ប្រភេទ 10-spoke ជាមួយនឹងដុំហ្វ្រាំង brake caliper។ លើសពីនេះ ប៉ាណាខាងមុខរចនាជាសំណាញ់ដែលមានឡូហ្គោ GR។
ក្រឡេកទៅមើលនៅផ្នែកខាងក្នុង Yaris Cross GR Sport បានបំពាក់កៅអីខាងមុខពិសេសដែលរួមបញ្ចូលគ្នានូវ Air Nubuck និងស្បែកប្រភេទ synthetic leather , ដៃចង្កូតស្បែកប្រភេទ 3-spoke ជាមួយនឹងឡូហ្គោ GR, ឈ្នាន់អាលុយមីញ៉ូម, កុងទ័រព័ត៌មានទំហំ ៤,២ អ៊ីញ និងអេក្រង់កំសាន្តទំហំ ៨ អ៊ីញ និងអេក្រង់បង្ហាញលើកញ្ចក់។ មិនតែប៉ុណ្ណោះ ក៏បានភា្ជប់ជាមួយប្រព័ន្ធសុវត្ថភាព Toyota Safety Sense ទៀតផង។
ចំណែកម៉ូឌែល Z Adventure គឺមានលក្ខណៈដូចទៅនឹងម៉ូឌែល Yaris Cross Adventure ដែលបានបង្ហាញចេញនៅអ៉ឺរ៉ុបកាលពីឆ្នាំ២០២១ ដែរដ ព្រមទាំងមានការបំពាក់ថ្មីនៅកាងមុខ-ក្រោយអាលុយមីញ៉ូម, ថាសកង់ទំហំ ១៨អ៊ីញ និងប្រើប្រាស់ជាមួយស្បែកនូវខាងក្នុងកាប៊ីនផងដែរ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរដោយម៉ាស៊ីនសាំង Dynamic Force ចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ Direct Shift-CVT និងប្រអប់លេខដៃ ៦វគ្គ។ បន្ថែមពីនេះ ម៉ូដែលនេះ ក៏មានជម្រើសម៉ាស៊ីនកូនកាត់ Hybrid ផងដែរ៕