រថយន្ត Toyota Yaris ជំនាន់ថ្មីបានបង្ហាញមុខជាផ្លូវការកាលពីប៉ុន្មានខែមុន ហើយពេលនេះរថយន្តនេះមានការបន្ថែមនូវប្រភេទពិសេសគឺ GR Yaris ដែលជាប្រភេទមានកម្លាំងខ្លាំង និងមានលេងរូបរាងបែបស្ព័រកាន់តែពិសេស។
វាមានបំពាក់ម៉ាស៊ីនតូចមែនពិត ប៉ុន្តែមានកម្លាំងខ្លាំង ដោយម៉ាស៊ីន Turbocharged ចំណុះ ១,៦ លីត្រ ៣ ស៊ីឡាំង របស់វាអាចបង្កើតកម្លាំងបាន ២៥៧ សេះ ដែលជាម៉ាស៊ីន ៣ ស៊ីឡាំង មានកម្លាំងខ្លាំងជាងគេក្នុងលោកដែលបានប្រើលើរថយន្តបើកលើដងផ្លូវធម្មតា។ រថយន្ត GR Yaris នេះដែរក៏មានប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ទាំងអស់ (ប៉ុងពីរ) និងមានប្រអប់លេខ ៦ វគ្គ។
ទម្ងន់របស់រថយន្តនេះមានត្រឹមតែ ១២៨០ គីឡូក្រាម ហើយអាចស្ទុះពី ០-១០០ គ.ម/ម៉ ដោយប្រើពេលមិនដល់ ៥ វិនាទី និងមានល្បឿនអតិបរមា ២៣០ គ.ម/ម៉។ រថយន្តនេះដែរបានបង្ហាញមុខជាផ្លូវការក្នុងកម្មវិធី Tokyo Auto Salon ដែលកំពុងប្រព្រឹត្តទៅនៅជប៉ុន។
រថយន្តនេះមានពីរប្រភេទដែលមានការរូបរាងខុសគ្នាបន្តិចបន្តួច មានប្រភេទ First Edition តម្លៃប្រមាណ ៣៦ ១០០ ដុល្លារ និងប្រភេទ High-Performance First Edition មានតម្លៃប្រមាណ ៤១ ៦០០ ដុល្លារ៕