Toyota គិតចង់ផលិតឡានភីកអាប់ខ្នាតតូចថ្មី ដើម្បីប្រជែងនឹង Ford Maverick

[ទីផ្សារបរទេស] រថយន្ត Ford Maverick និង Hyundai Santa Cruz បាននាំឲ្យមានការពេញ​និយម​ជា​ថ្មី​លើ​រថយន្ត​ភីកអាប់​ខ្នាតតូចនៅ​សហរដ្ឋអាមេរិក។ រថយន្តភីកអាប់ខ្នាតតូចធ្លាប់ត្រូវបានក្រុមហ៊ុនផលិតរថយន្តបោះបង់ចោល ដោយសារ​ការ​កើន​ឡើង​នៃ​ទំហំរថយន្ត ហើយការ​លេចវត្តមានរថយន្តទាំងពីរធ្វើឲ្យពលរដ្ឋអាមេរិកគិតគូរឡើងវិញលើរថយន្តប្រភេទនេះ។

ជាក់ស្ដែង រថយន្តទាំងពីរ លក់ដាច់បានច្រើនគួរឲ្យកត់សម្គាល់ ដោយ Santa Cruz ស្ថិតក្នុង​ចំណោម​រថយន្ត​ដែល​លក់​ដាច់បាន​លឿន​ជាងគេ ខណៈដែល Ford បានបញ្ឈប់ទទួលការកុម្ម៉ង់រថយន្ត Maverick កាលពីដើម​ឆ្នាំ ដោយសារតែមានតម្រូវការ​ច្រើន​លើសលប់ពេក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុន Toyota កំពុងពិចារណា​ប្រឡូក​ចូល​ផ្នែក​រថយន្តភីកអាប់ខ្នាតតូចនៅ​ទីផ្សារសហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ប្រមូល​យក​ប្រាក់​ចំណេញពីទីផ្សារដែលកំពុងរស់ឡើងវិញមួយនេះ។

អនុប្រធាន Toyota Motor ប្រចាំអាមេរិកខាងជើង លោក Jack Hollis បាន​និយាយថា​ នៅ​មាន​សេសសល់​ចន្លោះ​នៅ​ក្នុង​ត្រកូល​រថយន្ត Toyota ដែលស្ថិតនៅខាងក្រោមរថយន្ត Tacoma។ ប៉ុន្តែសំនួរសួរថាតើ Toyota គួរបំពេញចន្លោះ​បែបណា?

អនុប្រធានរូបនេះបន្តថា Toyota តែងតែមើលលើទីផ្សាររថយន្តភីកអាប់ខ្នាតតូច ហើយក្រុមហ៊ុនបានបន្តសង្កេត​មើល​អស់​ពេល​ជា​យូរ​មកហើយ។

គួររំលឹកថារថយន្ត Toyota Tacoma ជំនាន់ដំបូង ត្រូវបានចាត់ថ្នាក់ថាជារថយន្តភីកអាប់ខ្នាតតូច ប៉ុន្តែ​វា​បាន​ផ្លាស់​ទៅ​កាន់​ភីកអាប់​ខ្នាតកណ្ដាល នៅក្នុងឆ្នាំ២០០៤ ពេលដែល Toyota បង្ហាញចេញរថយន្តជំនាន់ទីពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម