Toyota ចាប់ផ្តើមផលិតរថយន្ត១ប្រភេទ​ ដែល​អាចជាគំរូ​សម្រាប់អនាគតរថយន្ត​សាំង នៃការបញ្ចេញ CO2 ទាបបំផុត

ក្រុមហ៊ុន Toyota ប្រចាំតំបន់អឺរ៉ុប បាន​ចាប់ផ្តើម​ផលិត​រថយន្តម៉ូឌែល Aygo X Hybrid នៅរោងចក្រ​ក្នុងសាធារណរដ្ឋឆេក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែល​ជារថយន្តមិនមែនប្រភេទ PHEV ឬ EV នោះទេ ប៉ុន្តែបែរជាមានកម្រិតបញ្ចេញឧស្ម័នកាបូនិចទាបបំផុត។

បណ្តាក្រុមហ៊ុនរថយន្តជាច្រើន បានតស៊ូនឹងច្បាប់នៃការបញ្ចេញ​ឧស្ម័នកាបូនិចនៅតំបន់អឺរ៉ុប ដោយត្រូវប្រឈមនឹងការចំណាយខ្ពស់​ក្នុងការផលិតរថយន្តចំហេះក្នុង សម្រាប់ទីផ្សារតំបន់​នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីអាចទម្លុះរនាំងនេះបាន Toyota បានប្រឹងប្រែងស្រាវជ្រាវបង្កើតបច្ចេកវិទ្យា Hybrid ថ្មី បំពាក់លើ​រថយន្តសាំង ពោលគឺ​រថយន្ត Aygo X តែម្តង ដែលជាជំហានថ្មីមួយទៀត ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន ក្រៅតែពីរថយន្តអគ្គិសនី ពោលគឺបញ្ចេញ CO2 ត្រឹមតែ ៨៦ក្រាម/គម (តិចជាងច្បាប់ EU ដែលកំណត់ ៩៣,៦ក្រាម/គម)។ មិនតែប៉ុណ្ណោះ​វាក៏អាចជាគំរូ​សម្រាប់អនាគតរថយន្តសាំង Hybrid របស់ក្រុមហ៊ុនផ្សេងៗទៀតផងដែរ។

រថយន្ត Aygo X គឺ​ជាម៉ូឌែលតូចបំផុតរបស់ Toyota ដែលបំពាក់បច្ចេកវិទ្យា Full Hybrid ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១១៦សេះ និងកម្លាំងរមួល ១៤៤ញូតុនម៉ែត្រ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម ប្រើពេល ១០វិនាទី និងកម្រិតស៊ីសាំងជិត ៤លីត្រ/១០០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម