[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Toyota Land Cruiser Prado Matte Black Edition ប្រភេទ SUV ជាមួយនឹងតម្លៃលក់ចាប់ពី ៣២ ៦៦២ ដុល្លារ ដល់ ៣៨ ៧៣៩ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន។
Toyota Land Cruiser Prado Matte Black Edition ថ្មីនេះមិនមានបន្ថែមការធ្វើឲ្យប្រសើរឡើងទេ ប៉ុន្តែ Toyota បានបន្ថែមគ្រឿងតុបតែងពណ៌ខ្មៅដោយរួមបញ្ចូលទាំងប៉ាណាមុខ ចង្កៀងមុខ និងស៊ុមអំពូលកាត់អ័ព្ទផងដែរ។ រថយន្ត SUV នេះក៏ទទួលបានថាសកង់អាលុយមីញ៉ូមពណ៌ខ្មៅទំហំ ១៨អ៊ីញទៀតផង។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Toyota បានដាក់បង្ហាញរថយន្ត Land Cruiser LC300 ថ្មីកាលពីឆ្នាំមុន ដោយបានប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA platform របស់ Toyota។ ហើយរំពឹងថារថយន្ត Land Cruiser Prado នឹងត្រូវបានកែប្រែដូចទៅនឹងរថយន្ត Land Cruiser LC300 ផងដែរ។
រថយន្ត Land Cruiser Prado មាន ២ ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស ឬខ្មៅ។ រថយន្តប្រភេទ SUV នេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ អាចផលិតកម្លាំងបាន ២០១ សេះ ឬម៉ាស៊ីនសាំងចំណុះ ២,៧ លីត្រ ផលិតកម្លាំងបាន ១៦៣ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ ប៉ុង ២ វិលកង់ទាំងអស់៕