[ទីផ្សារបរទេស] Toyota បានបង្ហាញចេញរថយន្ត Tundra ស៊េរីឆ្នាំ២០២២មួយប្រភេទ ដែលមានឈ្មោះថា Tundra Capstone ដែលវានឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ GMC Sierra Denali ក៏ដូចជារថយន្តភីកអាប់ខ្នាតធំផ្សេងទៀតផងដែរ។
Tundra Capstone មានបំពាក់ចំណុចលេចធ្លោមួយចំនួន ដូចជាកញ្ចក់ចំហៀងស្រោបដោយក្រូម៉េ, យ៉ាន់កង់ទំហំ ២២អ៉ីញជាក្រូម៉េ ដែលនេះជាយ៉ាន់ធំជាងគេបំផុតធ្លាប់បំពាក់លើ Tundra ហើយវាក៏មានមកជាមួយនូវផ្ទាំងប៉ាណាក្រូម៉េ អមដោយការសរសេរអក្សរ “Tundra” នៅផ្នែកខាងក្រោយថែមទៀតផង។
ខណៈដែល Tundra Platinum និង Tundra 1794 មានប្រណីតភាពខ្ពស់ស្រេចទៅហើយនេះ រថយន្ត Tundra Capstone នេះរឹតតែប្រណីតថែមទៀត ដោយមានបំពាក់កៅអីស្បែក ឌីហ្សាញបែបពណ៌ស-ខ្មៅដែលជាការឌីហ្សាញផ្ដាច់មុខជាពិសេស។ បន្ថែមពីនេះវាមានបំពាក់ដោយមុខងារកម្ដៅនៅលើកៅអីទាំងពីរជួរ ហើយចង្កូតរថយន្តក៏មានស្រោបដោយស្បែកដែលមានមុខងារកម្ដៅផងដែរ។
លើសពីនេះ Tundra Capstone មានបំពាក់ដោយឈើប្រភេទ Dark American Walnut នៅផ្នែកខាងក្នុង ដែលឃើញមានលើតាបឡូ, លើទ្វារ និងឧបករណ៍បញ្ជាផ្នែកកណ្ដាល ហើយថែមទាំងមានដំបូលកញ្ចក់យ៉ាងលេចធ្លោថែមទៀត។
នៅផ្នែកខាងក្នុងរថយន្តនេះមានបំពាក់នូវកុងទ័រឌីជីថលទំហំ ១២,៣អ៉ី និងប្រព័ន្ធកម្សាន្តដែលមានអេក្រង់ ១៤អ៉ីញ ហើយអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ផងដែរ។ មុខងារដទៃទៀតរួមមានកុងទ័រ HUD ទំហំ១០អ៉ីញ, កញ្ចក់មើលក្រោយជាប្រភេទឌីជីថល, ប្រព័ន្ធសំឡេង JBL ១២គ្រាប់ និងអេក្រង់ Panoramic View ជាដើម។
Tundra Capstone មានបំពាក់មកជាមួយម៉ាស៊ីន Hybrid i-Force Max ដែលមានម៉ូទ័រអគ្គិសនីកម្លាំង៤៨សេះ អមជាមួយម៉ាស៊ីន Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង និងប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ។ ម៉ាស៊ីន Hybrid នេះអាចផលិតកម្លាំងបានសរុប ៤៣៧សេះ។
រថយន្ត Tundra Capstone ស៊េរីឆ្នាំ២០២២ នឹងមានដាក់លើទីផ្សារនៅអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២២ ដែលមិនទាន់ដឹងអំពីតម្លៃលក់នៅឡើយទេ ប៉ុន្តែរំពឹងថានឹងថ្លៃជាង Tundra 1794 ដែលមានតម្លៃចាប់ពី ៥៧ ៦៩០ដុល្លារនៅទីផ្សារអាមេរិក៕