Toyota ចេញឡានស្ព័រ GR86 RZ 10th Anniversary Limited ថ្មី តម្លៃ ២,៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota Gazoo ទើបតែបានប្រកាសចេញរថយន្តស្ព័រ GR86 ម៉ូដែលពិសេសថ្មី សម្រាប់ទីផ្សារប្រទេសជប៉ុន ដើម្បីអបអរសាទរខួប ១០ឆ្នាំ ចាប់តាំងពីម៉ូដែល GR86 បានបង្ហាញខ្លួន។

រថយន្តម៉ូដែលពិសេសនោះមានឈ្មោះថា Toyota GR86 RZ 10th Anniversary Limited ដែលទទយលបានការតុបតែងយ៉ាងពិសេស ទាំងខាងក្រៅ និងក្នុង ហើយអ្វីដែលពិសេសនោះគឺ ការប្រើពណ៌ទឹកក្រូច ដើម្បីធ្វើឲ្យវាខុសប្លែកពីគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត GR86 RZ 10th Anniversary Limited នេះ ត្រូវបានផលិតឡើងផ្អែកតាមម៉ូដែល GR86 RZ នៅក្នុងប្រទេសជប៉ុន ហើយវាមានទឹកថ្នាំពណ៌ទឹកក្រូច Flame Orange Shade ដែលយកលំនាំតាមម៉ូដែល 86 ដើម។ ជាមួយគ្នានេះដែរ វាបានបំពាក់យ៉ាន់កង់ Alloy ទំហំ ១៨អ៊ីញ ពណ៌ខ្មៅ ហើយមានហាយឡាយពណ៌ខ្មៅនៅលើគម្របកញ្ចក់ និងកាងផងដែឬ។ មិនតែប៉ុណ្ណោះ នៅលើកញ្ចក់ក្រោយរបស់វាមានតែម “10th-anniversary since 2012” ទៀតផង។

ចូលទៅដល់កាប៊ីនខាងក្នុងវិញ វាក៏មានហាយឡាយពណ៌ទឹកក្រូចលើកៅអី, ថ្នេរដេរ, ដៃចង្កូត, ចង្កឹះលេខ, ហ្វ្រាំងដៃ និងទ្វារផងដែរ។ ក្រៅពីនោះ វាក៏មានរូបប៉ាក់ “10th-anniversary” ពណ៌ទឹកក្រូចនៅលើទ្វារដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្តនេះនៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ naturally aspirated ប្រភេទ box engine ទមហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៣២សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងក្រោយ និងមានជម្រើសប្រអប់លេខដៃ ៦វគ្គ និង លេងអូតូ ៦វគ្គ។

ក្រុមហ៊ុន Toyota នឹងទទួលការបញ្ជាទិញរថយន្ត GR86 RZ 10th Anniversary Limited ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅក្នុងប្រទេសជប៉ុន ជាមួយនឹងតម្លៃខ្ទង់ ២៥ ៤០០ដុល្លារ សម្រាប់ប្រភេទលេខដៃ និង ២៦ ៦០០ដុល្លារ សម្រាប់ប្រភេទលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម