កាលពីខែកញ្ញាកន្លងទៅ Toyota អាចបង្កើនចំនួនលក់បានច្រើនជាងខែកញ្ញាឆ្នាំ ២០១៩ ទោះបីស្ថានភាពជំងឺកូវីដ១៩មិនទាន់ស្ងប់ស្ងាត់ក្ដី។ ជាថ្មីម្ដងទៀតចំនួនលក់លើសកលលោករបស់ Toyota ប្រចាំខែតុលា បានបន្តកើនឡើង ៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
Toyota បានលើកឡើងថាតម្រូវការខ្ពស់លើរថយន្ត Camry និង RAV4 នៅសហរដ្ឋអាមេរិក រួមទាំងកំណើននៃការលក់នៅទីផ្សារប្រទេសចិនជាកត្តាចម្បងធ្វើឲ្យខ្លួនទទួលបានលទ្ធផលល្អ។ ត្បិតថារថយន្ត SUV កំពុងតែត្រូវប៉ាន់លើទីផ្សារ ប៉ុន្តែរថយន្ត Camry ដែលជាប្រភេទ Sedan នៅតែលក់ដាច់បានច្រើនដដែល។
ក្នុងខែតុលា ក្រុមហ៊ុន Toyota អាចលក់ចេញរថយន្តបានសរុប ៩២៧ ៦២៣គ្រឿងនៅទូទាំងសកលលោក ដែលក្នុងនោះរាប់បញ្ចូលទាំងម៉ាក Daihatsu និង Hino ផងដែរ។ ចំណែករថយន្តដែលផលិតបានសរុបគឺមានចំនួន ៩៧៩ ២៣២គ្រឿង។
បូកសរុបចំនួនលក់របស់ Toyota ចាប់ពីខែមករាដល់ខែតុលាឆ្នាំ ២០២០ គឺនៅមានការធ្លាក់ចុះ ១៤,៦% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ យ៉ាងណាក្ដីការធ្លាក់ចុះនេះចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញហើយ ដោយសារបើគិតពីខែមករាដល់ខែកញ្ញា ការធ្លាក់ចុះគឺមានចំនួន ១៧% ឯណោះ៕