Toyota និង Nissan ថា ពួកគេនឹងវិនិយោគប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៅក្នុងឧស្សាហកម្មថ្ម EV របស់ប្រទេសជប៉ុន ដើម្បីត្រៀមខ្លួនចាកចេញពីទីផ្សារថ្ម EV របស់ចិន និងកូរ៉េខាងត្បូង

កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota និង Nissan បានប្រកាសថា ពួកគេនឹងវិនិយោគប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៅក្នុងឧស្សាហកម្មថ្ម EV របស់ប្រទេសជប៉ុន ដើម្បីពង្រីកទីផ្សារដែលកំពុងតែមានការប្រកួតប្រជែងកាន់តែខ្លាំង និងឆ្លើយតបទៅនឹងការគ្រប់គ្រងទីផ្សារថ្ម EV ពិភពលោកដោយប្រទេសចិន និងកូរ៉េខាងត្បូង ជាពិសេសក្រុមហ៊ុនដូចជា CATL និង BYD របស់ប្រទេសចិន ក៏ដូចជាក្រុមហ៊ុន LG Energy Solution និង SK On របស់កូរ៉េខាងត្បូង។

ការវិនិយោគនេះ គឺមានគោលដៅបង្កើនការផលិតថ្ម EV ជាច្រើនប្រភេទជាមួយនឹងបច្ចេកវិទ្យាថ្មី ដោយមានចំនួនស្មើនឹង ៥០ភាគរយនៃទីផ្សារថ្ម EV របស់ប្រទេសជប៉ុនផ្ទាល់ ជាមួយគោលបំណងធានាបានថាថាមពលផ្គត់ផ្គង់សម្រាប់ការផលិតរថយន្តអគ្គិសនីក្នុងស្រុកមានស្ថិរភាពជាងមុន ពោលគឺបង្កើនទិន្នផលពី 120 GWh ទៅដល់ 150 GWh នៅឆ្នាំ២០៣០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ប្រទេសជប៉ុន ត្រូវបានចាត់ទុកថាមានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរថ្មីក្នុងការផលិតរថយន្តអគ្គិសនីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលការលក់រថយន្តអគ្គិសនីនៅក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំងជាង ៣៩ភាគរយ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ នេះ។ ចំពោះបញ្ហាគឺការខ្វះនូវជម្រើសរថយន្តអគ្គិសនីដែលសក្តិសមសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។

គួរបញ្ជាក់ផងថា ក្រុមហ៊ុន Toyota ត្រូវបានរំពឹងថានឹងចំណាយប្រាក់ប្រមាណ ១,៧ពាន់លានដុល្លារ (ដំណាក់កាលដំបូង) ដើម្បីកែលម្អការផលិតថ្ម EV របស់ខ្លួននៅឯរោងចក្រចំនួន២ ដើម្បីផ្គត់ផ្គង់ថាមពលទាំងនេះសម្រាប់រថយន្តអគ្គិសនីរបស់ Lexus នាពេលអនាគត ហើយក្រុមហ៊ុនមួយនេះក៏មានផែនការក្នុងការបើករោងចក្រថ្មថ្មីមួយនៅក្នុងឆ្នាំ២០២៩ ផងដែរ។ ចំណែកក្រុមហ៊ុន Nissan នឹងវិនិយោគប្រាក់ប្រមាណ ១ពាន់លានដុល្លារ (ដំណាក់កាលដំបូង) ដើម្បីចាប់ផ្តើមផលិតថ្ម LFP (Lithium Iron Phosphate) ដែលមានតម្លៃទាប ហើយគ្រោងនឹងចាប់ផ្តើមការផលិតនៅក្នុងឆ្នាំ២០២៨។

ក្នុងនោះផងដែរ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានប្រកាសថា ពួកគេនឹងចូលរួមវិនិយោគនូវទឹកប្រាក់ចំនួន ២,៤៤ពាន់លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការនេះ។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន Panasonic ក៏កំពុងបានសហការណ៏ជាមួយក្រុមហ៊ុនក្នុងស្រុកដូចជា Subaru និង Mazda ដើម្បីបង្កើនការផលិតថ្ម EV នៅក្នុងប្រទេសជប៉ុនផងដែរ ដែលរំពឹងថានឹងមានការវិនិយោគសរុបប្រហែល ៣,៨ពាន់លានដុល្លារ។ សម្រាប់ការវិនិយោគរួមចំណែកនេះទាំងអស់បង្ហាញថា ជប៉ុនបានចាប់ផ្តើមផ្តោតសំខាន់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីផ្សារថ្ម EV ដើម្បីបង្កើតចំណែកទីផ្សាររបស់ខ្លួន ហើយក៏ត្រៀមខ្លួនចាកចេញពីទីផ្សាររថយន្តអគ្គិសនីីរបស់ចិនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម