Toyota និង Suzuki គ្រោងចាប់ដៃគ្នាផលិតរថយន្តថ្មី Toyota-Maruti SUV នៅក្នុងប្រទេសឥណ្ឌា នឹងបង្ហាញខ្លួនក្នុងឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki និង Toyota ប្រចាំនៅឥណ្ឌាកំពុងអភិវឌ្ឍរថយន្តសម្រាប់ទីផ្សារឥណ្ឌា និងសម្រាប់ការចែកចាយទូទាំងពិភពលោក ដែលជារថយន្តដំបូងដែលពួកគេបានបង្កើតជាមួយគ្នា ជាប្រភេទ SUV ខ្នាតតូចដែលមានឈ្មោះថា TOYOTA D22 ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅដើមខែតុលា ឆ្នាំ ២០២២ នេះ។

លើសពីនេះ Suzuki និង Toyota ប្រចាំនៅឥណ្ឌានឹងចែករំលែករថយន្ត SUV ដល់គ្នាទៅវិញទៅមកសម្រាប់លក់នៅក្រៅប្រទេស នៅក្រោមឈ្មោះកូដ YFG រថយន្តថ្មីនេះនឹងប្រកួតប្រជែងជាមួយ Hyundai Creta, Kia Seltos, MG Astor, VW Taigun និង Skoda Kushaq ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Toyota-Maruti ស៊េរីថ្មីនេះ បានចាប់ផ្តើមធ្វើការសាកល្បងហើយ ដោយរថយន្តនេះត្រូវបានគេប្រទះឃើញជាច្រើនដងនៅជុំវិញរោងចក្រផលិតរបស់ Maruti Suzuki នៅ Gurugram Haryana។

ទន្ទឹមនឹងនេះ រថយន្តថ្មីនេះត្រូវបានគេរាយការណ៍ថានឹងប្រើប្រាស់នៅគ្រោងឆ្អឹង TNGA-B ឬ DNGA platform។ ដោយ បច្ចុប្បន្ននេះ គ្រោងឆ្អឹងនេះគាំទ្រដល់រថយន្តប្រភេទ SUV ជាច្រើនប្រភេទនៅក្នុងទីផ្សារពិភពលោក ដែលមានលក្ខណៈពិសេសនៅក្នុងរូបរាងផ្សេងៗគ្នារួមទាំងការគាំទ្រម៉ាស៊ីនប្រភេទ hybrid ទៀតផង។

តាមរូបភាពដែលថតបាន បង្ហាញថា Toyota D22 SUV ថ្មីអាចចែករំលែករចនាប័ទ្មពី Toyota SUVs ទូទាំងពិភពលោក រួមទាំង Corolla Cross, RAV4 និង Yaris Cross ដោយ​បំពាក់ជាមួយ​ចង្កៀង​មុខ​ដាច់ពីគ្នាជាមួយ​អំពូលបំភ្លឺពេលថ្ងៃ LED ពីរ​ ស្រដៀងទៅនឹង Camry ថ្មី នឹងអាចមានបន្ទះ Chrome រត់កាត់ទទឹង និងកាងខាងមុខមានសំណាញ់ប្រហោងខ្យល់ដ៏ធំជាដើម។

រីឯ ផ្នែកខាងក្នុងរបស់រថយន្តនេះ មានភាពស្រដៀងគ្នាជាមួយនឹងរថយន្ត Corolla Cross ថ្មី ទំនងជាបំពាក់ជាមួយអេក្រង់កំសាន្ត free-standing touchscreen ហើយនឹងទទួលបានប្រព័ន្ធប្រតិបត្តិការ Android Auto និង Apple CarPlay ឥតខ្សែ បច្ចេកវិទ្យារថយន្តដែលបានតភ្ជាប់ AC ស្វ័យប្រវត្តិ ចង្កៀងមុខ និងផ្លិតទឹក កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន និង ORVMs ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏អាចផ្តល់ជូននៅមុខងារជំនួយការបើកបរ ADAS ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម