[បរទេស] យោងតាមសារព័ត៌មាន Autonews និង Car & Driver បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការបញ្ចប់ការផលិតនៅរថយន្ត Toyota Venza បន្ទាប់ពីម៉ូដែលឆ្នាំ ២០២៤ ដោយសារការលក់បានធ្លាក់ចុះមកត្រឹម ២២ ០៨៧ គ្រឿងចាប់តាំងពីឆ្នាំ ២០២១ រហូតដល់ខែកញ្ញា ឆ្នាំ ២០២៣ នៅទីផ្សារសហរដ្ឋអាមេរិក។
គួរឲ្យដឹងថា ការបញ្ចប់ការផលិតនេះ នឹងត្រូវបានជំនួសដោយរថយន្ត Toyota Crown Signia ស៊េរីឆ្នាំ ២០២៥ ដោយមានភាពដូចគ្នាច្រើន ដោយសារពួកគេទាំងពីរជាប្រភេទ Crossovers ប្រើជាមួយម៉ាស៊ីនកូនកាត់ hybrid និងស្តង់ដារ All-wheel drive។ ទោះបីជា Toyota មិនទាន់បង្ហាញតម្លៃក៏ដោយ ក៏ពួកគេទំនងជាមានតម្លៃប្រហាក់ប្រហែលគ្នាដែរ ដោយសាររថយន្ត Venza ឆ្នាំ ២០២៤ ចាប់ផ្តើមពី ៣៤ ៩២០ ដុល្លារ និងឡើងដល់ ៤៣ ០៦៥ ដុល្លារ។
ដូចរថយន្ត Venza ដែរ រថយន្ត Crown Signia ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយនឹងម៉ូទ័រអគ្គិសនីខាងក្រោយ អាចផលិតកម្លាំងបានសរុប ២៤៣ សេះ ច្រើនជាង Venza ២៤ សេះ ប្រភេទបើកបរប៉ុង ២ ៕