Toyota នឹងបើកឲ្យសាកល្បងជិះរថយន្តដែលបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត ៤ (Level 4 Automated-Driving) លើដងផ្លូវសាធារណៈក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន ចាប់ពីឆ្នាំក្រោយទៅ។
រថយន្តដែលនឹងត្រូវបើកឲ្យសាកល្បងជិះនោះត្រូវគេហៅថា “P4” ជារថយន្ត Lexus LS ហើយត្រូវបានគេសាកល្បងលើដងផ្លូវបិទជិត នៅក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិករួចទៅហើយ ។ Toyota នឹងបន្តធ្វើការអភិវឌ្ឍលើ Software របស់ P4 លើផ្លូវសាធារណៈក្នុងទីក្រុងតូក្យូ និង ជុំវិញវិទ្យាស្ថានស្រាវជ្រាវ Ann Arbor និង Los Altos របស់ Toyota ។
ការសាកល្បងជិះនោះនឹងត្រូវធ្វើឡើងចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២០ នៅស្រុក Odaiba ក្នុងទីក្រុងតូក្យូ ដែលសម្បូរទៅដោយមនុស្សថ្មើរជើង, ចរាចរ, ផ្លូវបំបែក និង អគារកញ្ចក់ជាច្រើន។ ទោះជាយ៉ាងណា អ្នកបើកបរបម្រុងម្នាក់នឹងអង្គុយនៅមុខដៃចង្កូត ដើម្បីធានាសុវត្ថិភាព ១០០% និងគោរពតាមច្បាប់របស់ប្រទេសជប៉ុន៕