[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota នៅសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser របស់ភីកអាប់ Toyota Tacoma មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ។
យោងតាមគណនី Instagram របស់ Toyota USA បានបង្ហោះរូបភាពបែប Panorama នៃ Tacoma ដែលបានបង្ហាញនៅផ្នែកចំហៀង និងផ្នែកខាងក្រោយ ប៉ុន្តែមិនមានអ្វីគួរគត់សម្គាល់ពេកនោះទេ ។
គួររំលឹកផងដែរថា រូបភាពដែលថតបានពីមុនរបស់ភីកអាប់ Toyota Tacoma បង្ហាញពីផ្នែកខាងក្នុងដែលបានរចនាថ្មីទៅលើ ដៃចង្កូត និងកុងសូលកណ្តាល។ កុងទ័របង្ហាញព័ត៌មានប្រភេទឌីជីថល និងអេក្រង់កំសាន្ត touchscreen ថ្មីត្រូវបានគេរំពឹងថានឹងមានទំហំ ៨ អ៊ីញ។
ជាក់ស្តែងសម្រាប់រថយន្ត Tacoma Pickup ថ្មីដែលត្រូវបានអភិវឌ្ឍក្រោមស្ថាបត្យកម្ម TNGA-F platform រថយន្តនេះអាចត្រូវបានបំពាក់ដោយម៉ាស៊ីនដូចទៅនឹងរថយន្ត Land Cruiser ថ្មី ចំណុះ ៣,៥ លីត្រ V6 Twin-Turbo អាចផលិតកម្លាំងបាន ៤១៥ សេស និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានសម្អិតបន្ថែម មានតែរងចាំនៅពេលរថយន្តភីកអាប់នេះបង្ហាញខ្លួនជាផ្លូវការ ៕