[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានបញ្ជាក់ជាផ្លូវការថារថយន្តម៉ូដែល Crown ថ្មី នឹងត្រូវបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី១៥ ខែកក្កដា ហើយក្រុមហ៊ុនក៏បានបង្ហើបអំពីការរួមបញ្ចូលគ្នារវាងរថយន្ត Sedan និងរថយន្ត SUV លើរថយន្តថ្មីនេះដែរ។
រូបភាព Teaser នៃរថយន្តថ្មី បានចាប់ផ្ដើមជាមួយសំនួរដែលសួរជុំវិញប្រភេទតួខ្លួននៃរថយន្ត បន្ទាប់មកគេក៏ឃើញការបង្ហាញឡូហ្គោថ្មី ជាមួយអក្សរដែលសរសេរថា “Discover your Crown”។ ក្រៅពីព័ត៌មានទាំងនេះ Toyota នៅមិនទាន់ផ្ដល់ព័ត៌មានអ្វីបន្ថែមនោះឡើយ។
បើផ្អែកតាមការចុះផ្សាយកន្លងមក បានអះអាងថា Toyota Crown ថ្មីនឹងប្រើប្រាស់គ្រោងឆ្អឹងប្រភេទ SUV ដែលរំពឹងថាដាក់លក់នៅជប៉ុន ចិន និងនៅអាមេរិកខាងជើង។ បើតាមឯកសារបែកធ្លាយពីហាងលក់បានសន្និដ្ឋានថារថយន្តនេះអាចនឹងមានលក់នៅសហរដ្ឋអាមេរិក ឆាប់បំផុតគឺនៅខែតុលា ឆ្នាំ២០២២។
សារព័ត៌មានជប៉ុនរាយការណ៍ដែរថារថយន្ត Crown ថ្មីនឹងប្រើគ្រោងឆ្អឹង TNGA-K ហើយមានជម្រើសប្រព័ន្ធបើកបរ FWD ជាមួយ AWD និងមានម៉ាស៊ីន Hybrid លាយជាមួយជម្រើសប្រើថាមពលអគ្គិសនីសុទ្ធថែមទៀតផង៕