ត្បិតថាមិនទាន់បង្ហាញមុខជាផ្លូវការ ប៉ុន្តែក្រុមហ៊ុន Toyota បានប្រកាសថារថយន្ត Mirai ជំនាន់ថ្មីនឹងមានតម្លៃចាប់ពីប្រមាណ ៧៤ ៩៥២ដុល្លារ ឡើងទៅជាតម្លៃនៅទីផ្សារអឺរ៉ុប ដែលនឹងចាប់ផ្ដើមចេញលក់នាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។
Toyota បាននិយាយដែរថាការផលិតរថយន្ត Mirai ជំនាន់ថ្មីនឹងចាប់ផ្ដើមពីខែវិច្ឆិកាខាងមុខនេះ និងមានផែនការផលិតចំនួន ៣ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ គួរបញ្ជាក់ថារូបភាពរថយន្តដែលគ្រប់គ្នាបានឃើញនេះគឺជារូបភាព Concept ប៉ុណ្ណោះ ប៉ុន្តែផលិតផលសម្រេចរំពឹងថាមិនខុសពីរថយន្ត Concept ខ្លាំងនោះទេ។
រថយន្តដែលប្រើប្រាស់អ៊ីដ្រូហ្សែនដូចជា Mirai នេះ គឺវាអាចបង្កើតនូវអគ្គិសនីដោយខ្លួនវា ដោយប្រើប្រាស់អ៊ីដ្រូហ្សែន និងអុកស៊ីហ្សែន ហើយលទ្ធផលបញ្ចេញជាចំហាយទឹក។ គុណសម្បត្តិរបស់វាគឺប្រើពេលតែ ៥ នាទីអាចសាកអ៊ីដ្រូហ្សែនពេញ ដែលរថយន្តអគ្គិសនីប្រើអាគុយគឺចំណាយពេលសាកយូរជាងនេះឆ្ងាយ៕