
ក្រុមហ៊ុន Toyota Motor ប្រចាំនៅអាមេរិកខាងជើង បានប្រកាសផែនការយុទ្ធសាស្រ្តនៅក្នុងក្រុមហ៊ុន FirstElement Fuel, Inc (FEF) ដែលជាក្រុមហ៊ុនស្ថានីយអ៊ីដ្រូសែនដ៏ធំមួយនៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានទាំងអស់ ៩២ទូចាក់អ៊ីដ្រូសែន នៅ៣៨ទីតាំង នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុនទាំងពីរ មានគោលបំណងពង្រឹងហេដ្ឋរចនាសម្ព័ន្ធសម្រាប់រថយន្តអ៊ីដ្រូសែនដែលកំពុងមាន និងជំរុញបណ្តាញចំហេះអ៊ីដ្រូសែន សម្រាប់រថយន្តប្រភេទនេះ នាពេលអនាគត។
ទោះជាយ៉ាងណាក៏ដោយ Toyota មិនបានបញ្ជាក់លម្អិតអំពីគម្រោងពង្រីកស្ថានីយចំហេះអ៊ីដ្រូសែននេះនៅឡើយទេ ប៉ុន្តែការប្រកាសនេះ ក្រោយពេលដែលការលក់រថយន្តអ៊ីដ្រូសែន Toyota Mirai បានធ្លាក់ចុះ។
បើទោះបីជាចំនួនលក់ធ្លាក់ចុះក្តី ក៏ Toyota មិនចុះចាញ់ឡើយ ពោលគឺកាលពីដើមខែធ្នូនេះ បានប្រកាសចេញរថយន្ត Mirai ស៊េរីឆ្នាំ២០២៦ ដែលមានតម្លៃចាប់ពីជាង ៥១ ០០០ដុល្លារឡើងទៅសម្រាប់ទីផ្សារអាមេរិក។

គិតមកត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៥ Toyota លក់ Mirai បានតែ ១៤៧គ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ៥៤% បើប្រៀបធៀបនឹងឆ្នាំមុន។ យ៉ាងណាមិញ រថយន្តនេះត្រូវបានលក់តែនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ១គត់ ដែលជារដ្ឋមានស្ថានីយបញ្ចូលអ៊ីដ្រូសែនច្រើនជាងគេ៕























