ក្រុមហ៊ុន Toyota បានបង្ហាញចេញរថយន្ត Frontlander ស៊េរីឆ្នាំ២០២២ ជាផ្លូវការនៅកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Motor Show 2021 ដែលកន្លងមកក្រុមហ៊ុនធ្លាប់ឲ្យតម្រុយថានេះគឺជារថយន្ត SUV ផ្ដាច់មុខសម្រាប់ទីផ្សារប្រទេសចិន។
យ៉ាងណាក្ដី តាមពិតរថយន្តនេះគឺជា Corolla Cross ដែលបានប្ដូរឈ្មោះថ្មី និងមានការកែកុនមុខមាត់បន្តិចបន្តួចតែប៉ុណ្ណោះ ដែលរថយន្តនេះគឺជាការសហការផលិតរវាង Toyota ជាមួយម៉ាករថយន្តចិន GAC។
រថយន្តថ្មីនេះផលិតដោយប្រើគ្រោងឆ្អឹងថ្មី Toyota New Generation Architecture ដោយទំហំរបស់វាវែងជាង Corolla Cross ចំនួន២៥ម.ម គឺប្រវែងសរុប ៤៤៨៥ម.ម ទទឹងទំហំ ១៨២៥ម.ម កម្ពស់ ១៦២០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៦៤០ម.ម។
រថយន្ត Frontlander ប្រើប្រាស់ម៉ាស៊ីន៤ស៊ីឡាំង មានចំណុះ ២,០លីត្រ ដែលវាអាចផលិតកម្លាំងបាន ១៧១សេះ គួបផ្សំនឹងប្រអប់លេខប្រភេទ CVT។ ទាក់ទងនឹងតម្លៃលក់ និងពេលវេលាចេញលក់នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ៕